រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖សូមឱ្យធនធានមនុស្សកម្ពុជា ក្លាយទៅជាធនធនមនុស្សដែលលើសពីសុខភាព-សុខុមាលភាព
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥--សូមឱ្យធនធានមនុស្សកម្ពុជា ក្លាយទៅជាធនធនមនុស្សដែលលើសពីសុខភាព-សុខុមាលភាព។ គឺជាធនធានមនុស្សដែលឧត្តុង្គឧត្តម មិនរីងស្ងួត ដោយផ្តើមពីជំនាញនីមួយៗ ដែលនានាទីនេះ គឺផ្តើមពីសមាគមរោគស្ត្រី និងផ្តើមពីបុគ្គលម្នាក់ៗ។នេះជា
សារគន្លឹះបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល នាព្រឹកថ្ងៃសៅរ៍ ទី២១ មិថុនា ២០២៥ នៅចំពោះមុខសមាជិក-សមាជិកាសមាគមរោគស្ត្រីកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើក ទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាកាត់បន្ថយមរណភាពមាតា និងទារក»។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល ១ថ្ងៃ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល លោក លោកស្រី នាង កញ្ញា ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា សរុបចំនួន ២៩០នាក់។ សិក្ខាសាលានាថ្ងៃនេះ គឺពិតជាពេលវេលាដ៏ល្អ ក្នុងការលើកកម្ពស់នូវគុណភាពនៃសេវាបំប៉នចំណេះដឹងជំនាញដល់សមាជិក សមាជិកាសមាគម ស្របនឹងអនុលោម តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ មួយចំនួន ដល់ សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដូចខាងក្រោម៖
១) ត្រូវរៀបចំបង្កើនការបំប៉នសមត្ថភាពជំនាញ ដល់សមាជិកឱ្យកាន់តែប្រសើរ ដោយផ្អែកលើបទពិសោធន៍បច្ចេកទេសថ្មីៗ លើសកលលោក រួមជាមួយនឹងការបង្ហាញការអនុវត្តជំនាញផង។
២) ត្រូវជួយរំលឹកដល់សមាជិក បង្កើតស្មារតី អនុវត្តការងារប្រកបដោយគុណភាព គុណធម៌ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។
៣) ត្រូវជួយពង្រឹងភាពម្ចាស់ការ ធ្វើយ៉ាងណាបង្កើនទំនុកចិត្តដល់ប្រជាជនឱ្យទទួលសេវានៅកម្ពុជា បន្ថយការទៅព្យាបាលនៅបរទេស។ ជាការបង្កើនការជឿងជាក់ការបម្រើសេវា។
៤) ត្រូវរួមគ្នាទទួលខុសត្រូវចំពោះអត្ថប្រយោជន៍វិជ្ជាជីវៈ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីកត្តាប្រឈមមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ ស្គាល់ពីបញ្ហា មូលហេតុនៃបញ្ហា និងស្វែងរកដំណោះស្រាយ ដោយត្រូវយកមកពិភាក្សាគ្នា កុំឱ្យមានការយឺតយ៉ាវ ក្នុងការរកឃើញនូវបញ្ហា ដូចជា ការពិនិត្យផ្ទៃពោះមុនពេលកើត ការយកចិត្តទុកដាក់នៅពេលកំពុងសម្រាលមានស្ថានភាពមិនល្អ និងយកចិត្តទុកដាក់ក្រោយសម្រាល ទាំងម្តាយ និងទារក។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់សមាជិកសមាគមន៍ និងមន្រ្តីសុខាភិបាល ដោយ៖ ១) ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានផ្ទៃពោះរបស់ស្រ្តីជាម្តាយ យ៉ាងតិច ៤ដង ២) ត្រូវពិនិត្យ និងតាមដានសុខភាពស្រ្តីមានផ្ទៃពោះ ពីជំងឺផ្សេងៗ ៣) ស្នើឱ្យប្រធានមណ្ឌលសុខភាព និងប្រធានមន្ទីរពេទ្យ ចុះទៅពិនិត្យកន្លែងសម្រាលឱ្យបានញឹកញាប់ និងរាយការណ៍រាល់ថ្ងៃអំពីការសម្រាល ៤) ការពង្រឹងសម្ថតភាព បច្ចេកទេសឱ្យកាន់តែប្រសើរ ៥) ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការជួយសង្រ្គោះជីវិតទារកដែលទើបនឹងកើត ៥) ថ្នាក់ដឹកនាំគ្រប់អង្គភាពសាធារណៈ និងឯកជន ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវឱ្យបានខ្ពស់ ក្នុងការដឹកនាំដោះស្រាយបញ្ហា ៦)ត្រូវយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាព ម្តាយ និងទារក ក្រោយពេលសម្រាល ដែលជាការចាំបាច់ ៧) ធ្វើការណែនាំស្រ្តីមានផ្ទៃពោះ កុំឱ្យប្រើប្រាស់ស្រាថ្នាំមិនមានប្រភព ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ទាំងម្តាយ និងទារក ៨) ណែនាំស្រ្តីមានផ្ទៃពោះ កុំឱ្យប្រើប្រាស់ឱសថដោយគ្មានការពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សំដែងការកោតសរសើរ ចំពោះសមាគម ក្នុងការដឹកនាំ រៀបចំឱ្យមានជាសិក្ខាសាលាទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមខិតខំបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាមរណភាពមាតាឱ្យនៅទាប ឈានទៅសម្រេចបានគោលដៅ ដែលបានកំណត់ក្នុងឆ្នាំ២០៣០៕
ដោយ៖ ប៊ុនរិទ្ធប្រភព ,ប្រភព៖ក្រសួងសុខាភិបាល





