ល្ងាចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ផ្លូវថ្មើរជើងចតុម្មុខ»
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុម្មុខ (Walk Street) តាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ ៩៤ ដល់ផ្លូវលេខ ២៤០ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

ដោយមានការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញប្រកបភាពទន់ភ្លន់ ច្នៃប្រឌិត និងប្រសិទ្ធផល ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់បានធ្វើឱ្យការបើកដំណើរការសាកល្បងផ្លូវថ្មើរជើង (WalkStreet) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញមានប្រវែង ១.៩២២ ម៉ែត្រ នៅលើក្រឡាផ្ទៃប្រមាណ ១០ហិកតា នៅរៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី ចាប់ពីថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្នដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ពិសេសថ្នាក់ដឹកនាំកំពូលៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ផ្លូវថ្មើរជើង (Walk Street) ត្រូវបានសិក្សាតាំងពីឆ្នាំ២០១៩ ប៉ុន្តែដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តសេដ្ឋកិច្ចសកលក៏ត្រូវបានពន្យាពេលរហូតដល់ឆ្នាំ២០២៤ ទើបត្រូវបានយកមកសិក្សាឡើងវិញដោយរៀបចំនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់សូនរង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានប្រវែង ២៤៩៣ម៉ែត្រ នៅលើ
ក្រឡាផ្ទៃប្រមាណ ៥៨ហិកតា ដោយមានព្រំប្រទល់ខាងជើងជាប់ផ្លូវលេខ៩៤ ខាងកើតជាប់ទន្លេសាប ខាងត្បូងជាប់មហា វិថីព្រះសីហនុ និងខាងលិចជាប់ផ្លូវលេខ១៣ មហាវិថីសុធារស និងផ្លូវលេខ៧ ហើយត្រូវបានបែងចែកជា៣តំបន់៖
តំបន់ទី១ តំបន់បេតិកភណ្ឌមុខប្រៃសណីយ៍កម្ពុជា ចាប់ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ១០៦
តំបន់ទី២ តំបន់ពហុបំណង ចាប់ពីផ្លូវលេខ១០៦ ដល់ផ្លូវលេខ១៨៤
តំបន់ទី៣ តំបន់លម្ហែបៃតង ចាប់ពីផ្លូវលេខ១៨៤ ដល់មហាវិថីព្រះសីហនុ
ដំបូងផ្លូវថ្មើរជើងមានគម្រោងបើកដំណើរការចំនួន ០៣ថ្ងៃក្នុងមួយសប្តាហ៍ នៅរៀងរាល់ល្ងាចថ្ងៃ
សុក្រ សៅរ៍ និងអាទិត្យចាប់ពីម៉ោង ១៨:០០ ដល់ម៉ោង២៣:០០ យប់។ ប៉ុន្តែដើម្បីបើកដំណើរការសាកល្បងផ្លូវ
ថ្មើរជើង (Walk Street) ទទួលបានជោគជ័យ និងមានផលប៉ះពាល់តិចតួច ឯកឧត្តម ឃួង ស្រេង អភិបាលន
គណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអនុវត្តបើកសាកល្បងផ្លូវថ្មើរជើងនៅលើតែតិរវិថីព្រះស៊ីសុវត្ថិចាប់ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០ និងបិទចរាចរត្រឹមផ្នែកខាងកើតតិរវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិសាស្ត្រខណ្ឌដូន
ពេញ ដោយមាន៖ “ប្រវែង ១.៩២២ ម៉ែត្រ នៅលើក្រឡាផ្ទៃប្រមាណ ១០ហិកតា បើកដំណើរការចំនួនពីរថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី
- បើកដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៥
គោលបំណងសំខាន់នៃផ្លូវថ្មើរជើង (Walk street)៖បង្កើតវប្បធម៌នៃការដើរដោយថ្មើរជើងផលិតផលនានាជាកន្លែងដើរកម្សាន្តកណ្តាលទីក្រុងដែលគ្មានរថយន្តឆ្លងកាត់ជាកន្លែង បជុំដើម្បីបង្កើនសុខដុមនីយកម្មផ្នែកសង្គម វប្បធម៌ ធុរកិច្ច ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ផ្លូវថ្មើរជើង (Walk Street) មានលក្ខណៈពិសេសត្រង់មានតីរវិថីព្រះស៊ីសុវត្ថិនៅកណ្តាលសម្រាប់ឱ្យភ្ញៀវដើរកម្សាន្តដោយថ្មើរជើង នៅផ្នែកខាងកើតមានទន្លេសាប និងសួនច្បារឆ្នេរទន្លេដែលអាចឱ្យអ្នកដើរកម្សាន្តអាចស្រូបយកខ្យល់បរិសុទ្ធ បន្ធូរអារម្មណ៍ ហើយមានទីធ្លាសម្រាប់ហាត់ប្រាណ និងដាក់តាំងលក់ចំណែកផ្នែកខាងលិចមានអគារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលអាចប្រកបរបរអាជីវកម្មនានា និងមានសួនច្បារច័ន្ទឆាយាព្រមទាំងព្រះបរមរាជវាំងសម្រាប់អង្គុយកម្សាន្ត។ ភាពជោគជ័យខាងលើមិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញដែលមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាដោយផ្ទាល់ចាប់តាំងពីការរៀបចំផែនការ ការអនុវត្ត ការត្រួតពិនិត្យ និងការប្រជុំដកស្រង់បទពិសោធន៍ដើម្បីកែសម្រួលឱ្យផ្លូវថ្មើរជើងកាន់តែមានការពេញនិយមពីគ្រប់មជ្ឈដ្ឋាន ធាតុសំខាន់ៗដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដំណើរការផ្លូវថ្មើរជើង (WalkStreet) មានដូចជា៖
ទី១. ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានដូចជា ការងារកែលម្អសួនច្បារ (ការដាំជួស
ស្មៅ ផ្កា ដើមឈើ និងជួសជុលថ្មក្រានីត) ការរៀបចំភ្លើងលម្អតាមដើមឈើ និងដើមស្លា ការ
រៀបចំភ្លើងបំភ្លឺតាមសួនបន្ថែម ការរៀបចំភ្លើងលម្អនៅលើតីរវិថីព្រះស៊ីសុវត្ថិ ការរៀបចំក្លោងទ្វា
ចំនួន ០៣ទីតាំង ការរៀបចំគំនូសចរាចរណ៍ ការជួសជុល និងស្តារប្រព័ន្ធលូនៅតាមបណ្តោយ
តីរវិថីព្រះស៊ីសុវត្ថិ។
ទី២ ការរៀបចំប្រព័ន្ធពង្វាងចរាចរណ៍ ដោយបើកឱ្យធ្វើចរាចរណ៍ជាលក្ខណៈទ្វេទិសនៅលើ
ផ្លូវលេខ១៣ និងបិទផ្លូវកាត់ទទឹងផ្នែកខាងលិចតិរវិថីព្រះស៊ីសុវត្ថិមាន កំណាត់ផ្លូវលេខ៩៨ ផ្លូវ១០០ ផ្លូវលេខ១០២ ផ្លូវលេខ១០៤ ផ្លូវលេខ១០៦ ផ្លូវលេខ១០៨ ផ្លូវលេខ១១០ ផ្លូវលេខ១១៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤ ផ្លូវលេខ១៤៨ ផ្លូវលេខ១៥៤ ផ្លូវលេខ១៧៨ ចំណែក កំណាត់ផ្លូវលេខ១៨៤ បិទចាប់ពីផ្នែកខាងកើតផ្លូវលេខ១៩ ចំពោះកំណាត់ផ្លូវសុធារសបិទចាប់ពីផ្លូវលេខ១៥៤ ដល់ផ្លូវលេខ២៤០។

ការរៀបចំទីតាំងចំណតដែលភ្ញៀវជាតិ និងអន្តរជាតិអាចប្រើប្រាស់ក្នុងកំឡុងពេលបើកដំណើរការសាកល្បងផ្លូវថ្មើរជើងនៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង២៣:០០នាទីចំពោះចំណតទោចក្រក្រយានយន្ត៖ សួនឆ្នេរទន្លេមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំណាត់ផ្លូវលេខ ១០៨ខាងត្បូងផ្សាររាត្រី កំណាត់ផ្លូវលេខ១៥៤ខាងជើងរបងវត្តឧណ្ណាលោម កំណាត់ទ្រូងផ្លូវលេខ១៧៨ជាប់របងវាលព្រះមេរុហ៍ និងតិរវិថីព្រះស៊ីសុវត្ថិខាងមុខពុទ្ធិសកលវិទ្យាល័យព្រះសីហនុរាជ។ ចំណតត្រីចក្រក្រយានយន្ត៖ តិរវីថីព្រះស៊ីសុវត្ថិមុខសាលសន្និតចតុមុខ និងមុខក្រុមប្រឹកអភិវឌ្ឍន៍កម្ពុជា ផ្លូវលេខ១០៦ ផ្លូវលេខ១៣។ ចំណតរថយន្ត កំណត់ទ្រូងផ្លូវលេខ១៣មុខប្រៃសណីយ៍កម្ពុជា កំណាត់តីរវិថីព្រះស៊ីសុវត្ថិជាប់សួនសម្តេច ជា ស៊ឹម និងចំណតខាងជើងសួនមុខវត្តបទុម ចំណតក្នុងសួនគោព្រៃខាងលិចវត្តភ្នំ។

ចំណតហង្សខាងជើងសួនកុមារវត្តបទុម កំណាត់ទ្រូងផ្លូវលេខ៧ កំណាត់ទ្រូងផ្លូវសុធារសខាងកើតជាប់សួនមុខវត្តបទុម កំណាត់ទ្រូងតីរវិថីព្រះស៊ីសុវត្ថិជាប់សួនសម្តេច ជា ស៊ឹម។ ចំណតឯកជន៖ ចំណតខាងលិចផ្សាររាត្រី ចំណតអតីតតេបី និងចំណតមុខសាលកោះពេជ្រ៕
ដោយ៖ គង់ សិរីរ័ត្ន





