ប្រតិភូខេត្តព្រះសីហនុចុះសួសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងឧត្តមមានជ័យ និងកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តមមានជ័យ ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំគណ: ប្រតិភូខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ព្រះសង្ឃ នៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមជាមួយឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកម្ម ក្រសួងការពារជាតិ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ និងតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តមាន ជ័យ ដែលកំពុងបំពេញបេសកកម្មនៅតាមខ្សែបន្ទាត់ព្រំដែនទិសឧត្តរមានជ័យ ពិធីនាំ យកអំណោយឧបត្ថម្ភជូននេះ ធ្វើនៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តមមានជ័យ ព្រឹកថ្ងៃសៅរទី២១ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណគុណនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ កំពុងបំពេញបេសក កម្មនៅតាមខ្សែបន្ទាត់ព្រំដែនទិសឧត្តរមានជ័យ ខ្ញុំសូមគាំទ្រកងទ័ពជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងអង់អាចក្លាហានហ៊ាន ធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយ ចិត្ត និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិអង្គរដ៏បវរនៃយើង និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឹងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ គោរពតាមច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង ពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៤ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ព្យាយាមជម្នះឧបសគ្គតូចធំប្រកៀកស្មាគ្នាយ៉ាងរឹងមាំ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបានសហការយ៉ាងល្អប្រសើរជាមួយនឹងភាគីពាក់ព័ន្ធក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឆ្លើយតបប្រកបដោយប្រសិទ្ធ ភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថា ព្រះរាជាណាចក្រកម្ពុជានៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍។ ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការជាយុទ្ធសាស្ត្រនានាដែលធានាឱ្យព្រះរាជាណាចក្រកម្ពុជា នៅតែរក្សាបាននូវសុខសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម ព្រមជាមួយ នឹងការបន្តអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ តាមរយៈផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសភាពការណ៍ និងចាត់វិធានការបន្សាបឥទ្ធិពលមនោគមន៍វិជ្ជារបស់ក្រុមប្រឆាំងជ្រុលនិយម ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងការដឹកនាំអនុវត្ត គោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីធានាដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាបន្ន និងសមធម៌។

ឯកឧត្តម បានបញ្ជាក់ថា «ការការពារសន្តិភាព» ជាកាតព្វកិច្ចដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបរួមគ្នាសាមគ្គីឯកភាពជាធ្លុងមួយការពារ ទោះក្នុងតម្លៃណាក៏ដោយ ដោយផ្សាភ្ជាប់នឹង «ការការពារដែនដី ដូចជាដួងព្រលឹងរបស់យើង» ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន នៃអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណីជាតិ ។ ភាពអង់អាចរបស់យុទ្ធជន យុទ្ធនារីដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែននេះ មិនមែនគ្រាន់តែជាយោធាប៉ុណ្ណោះទេ តែជានិមិត្តរូប នៃឯកភាពជាតិ សេចក្តីថ្លៃថ្នូរ និងការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋស្នេហាជាតិនៅទូទាំងប្រទេស និងជាខែលការពារជាតិ មាតុភូមិ ការពារព្រលឹងជាតិខ្មែរ ជាខែលការពារសន្តិភាព សន្តិសុខ និងសេចក្តីសុខសាន្តរបស់ប្រទេសជាតិ។ កម្ពុជាជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាព ចង់រួមរស់ដោយសន្តិសហវិជ្ជមាន និងពង្រីងកិច្ចសហប្រតិ បត្តិការល្អប្រសើរជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ការគោរពគ្នា និងការពារផលប្រយោជន៍ទៅវិញទៅមក។ កម្ពុជាយល់ច្បាស់អំពីគុណតម្លៃ នៃសន្តិភាព កម្ពុជានឹងបន្តស្វែងរកដំណោះស្រាយទំនាស់ដោយសន្តិវិធី ដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សូមថ្លែងអំណគុណ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយនាយ នាយរង ពលនាហានប្រចាំទិសខេត្តឧត្តមមានជ័យ តាងនាមឪ្យរដ្ឋបាលខេត្ត មន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមជូនពរជ័យសេរីសួស្តីជូនចំពោះបងប្អូនកងទ័ពទាំងអស់មានសុខភាពល្អ កាយសម្បទាមាំមួនក្នុងកិច្ចការពារជាតិមាតុភូមិនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងទិសខេត្តឧត្តមមានជ័យ ។

ក្នុងឪកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៍បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៤ មានដូចជា ១.អង្ករ ១៥តោន ២.មី ២៨០កេស ៣.ទឹកសុទ្ធ ៣៥០កេស ៤.ត្រីចំហុយ ១,៥០០គីឡូ ៥.បង្គារស្រស់ ៣៥គីឡូ ៦.មឹកស្រស់ ៥០គីឡូ ៧.សាច់ក្រក ២០០គីឡូ ៨.ត្រីងៀត ២២០គីឡូ ៩.ផ្អក ៧០គីឡូ ១០. ប្រហុក ៧០គីឡូ ១១.ទឹកត្រី ១៤០យូរ ១២.ទឹកស៊ីអ៊ីវ ១៤០យូរ ១៣.នំប៉័ងបាក់យ៉ុង ៧០០ដើម ១៤.នំប៉័ងសាប ៧០០ដើម ១៥.ទឹកដោះគោ ៧កេស ១៦.ឱសថ ១៦មុខ និងថវិកា 80,000,000រៀល។ និងឧបត្ថម្ភជូនតំបន់ប្រតិបត្តិការ សឹករងឧត្តរមានជ័យ ១.អង្ករ ៥តោន ២.មី ១២០កេស ៣.ទឹកសុទ្ធ ១៥០កេស ៤. ត្រីចំហុយ ៦០០គីឡូ ៥.បង្គារស្រស់ ១៥គីឡូ ៦.សាច់ក្រក ១០០គីឡូ ៧.ត្រីងៀត ១០០គីឡូ ៨.ផ្អក ៣០គីឡូ ៩.ប្រហុក ៣០គីឡូ ១០.ទឹកត្រី ៦០យូរ ១១.ទឹកស៊ីអ៊ីវ ៦០យូរ ១២.នំប៉័ងបាក់យ៉ុង ៣០០ដើម ១៣.នំប៉័ងសាប ៣០០ដើម ១៤.ទឹកដោះគោ ៣កេស និងថវិកា 40,000,000រៀល ។ ក្នុងឪកាសនោះឧបត្ថម្ភជូនវរ:លេខ២១ ចំនួន ១ម៉ឺនដុល្លា ឧបត្ថម្ភសាងសង់លានដ្ឋាន ១ម៉ឺនដុល្លា ៕
ដោយ៖ ងូ សុមុនី





