ឯកឧត្តមថោ ជេដ្ឋា÷មានតែគណបក្សប្រជាជនកម្ពុជាមួយទេដែលតែងតែនិងរួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ
AKPកំពង់ធំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍លើកឡើងថា មានតែគណបក្សប្រជាជនមួយទេ ដែលតែងតែនិងរួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។

ឯកឧត្តមថ្លៃដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំនិងសមិទ្ធផលនានានៅឃុំពពកស្រុកស្ទោងខេត្តកំពង់ធំនាព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២៥។

ឯកឧត្តមថោ ជេដ្ឋាបានបញ្ជាក់ថា ទីណាមានគណបក្សប្រជាជនកម្ពុជានិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានគណបក្ស រួមជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទីនោះនឹងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ជាក់ស្ដែងសម្រាប់ខេត្តកំពង់ធំគឺសមិទ្ធផលទំនប់ស្ទាក់ទឹកកំពង់គោ និងទំនប់ស្ទាក់ទឹកដងកាំបិតតាមបណ្ដោយស្ទឹងសែន ព្រមទាំងសមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប្រព័ន្ធធារាសាស្ត្រស្អេកស្កះជាច្រើនទៀត ដែលស្រោចស្រពស្រែស្រូវរាប់ម៉ឺនហិចតាហើយប្រជាជននៅក្នុងខេត្តកំពង់ធំ និងស្រុកស្ទោងបានឃើញនិងបានកំពុងប្រើប្រាស់ជារួម ។

ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ស្នាក់ការគណបក្សប្រជាជនដែលសម្ពោធនៅក្នុងឱកាសនេះក៏ដូចជាស្នាក់ការនៅតាមបណ្ដាឃុំផ្សេងៗទៀតនិងស្នាក់ការគណបក្សស្រុកស្ទោងនឹងជួយបង្កើននូវគុណភាពប្រសិទ្ធភាពការងាររបស់គណបក្សក៏ដូចជាអាចជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រើប្រាស់ទៅតាមស្ថានភាពចាំបាច់និងជាក់ស្តែងផងដែរ។

សូមបញ្ជាក់ថា អគារស្នាក់ការគណបក្សដែលកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះមានទំហំ ១៤ម៉ែត្រគុណនឹង១០,៥ម៉ែត្រ រួមជាមួយនឹងសមិទ្ធផលផ្សេងៗទៀតជាច្រើន៕
ដោយ៖ ស៊ុម វណ្ណា





