ស្ថានភាពនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹកចរាចរណ៍ចេញចូលធម្មតា និងការសម្រួលពីសមត្ថកិច្ច
AKPបន្ទាយមានជ័យថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥-- ស្ថានភាពនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកខ្លងឡឹក ខេត្តស្រះកែវ ប្រទេសថៃ នាវេលាម៉ោង ០៩:០០ ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះកំពុងដំណើរការចេញ-ចូលជាធម្មតា ប្រកបដោយភាពរលូន។
យោងតាមកាលវិភាគបិទបើកច្រកទ្វារ
ភាគីកម្ពុជាបើកច្រកពី ម៉ោង ០៩:០០ ព្រឹក ដល់ ម៉ោង ០៤:០០ ល្ងាច។
រីឯភាគីថៃវិញ បើកច្រកពី ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ០៤:០០ ល្ងាច ដូចគ្នា។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានមានប្រសាសន៍ថា លំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ អ្នកដំណើរ និងយានយន្ត បាននិងកំពុងប្រព្រឹត្តទៅដោយរលូន និងមិនមានការកកស្ទះគួរកត់សម្គាល់ឡើយ។ លោកបានបន្តទៀតថា ដើម្បីធានាបាននូវភាពរលូននេះ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅច្រកទ្វារ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងជួយសម្រួលដល់ការចេញ-ចូលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ពេលវេលា។

ការយកចិត្តទុកដាក់ និងការជួយសម្រួលរបស់កម្លាំងសមត្ថកិច្ចនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពនៅតាមបណ្តោយព្រំដែន ក៏ដូចជាជួយពន្លឿនដល់ដំណើរការចេញ-ចូលឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ ឈុនសារ៉ាត





