មន្ត្រីកាកបាទក្រហមកម្ពុជាចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺផ្សេងៗ ការកាត់បន្ថយការប្រើប្រាស់ថ្លង់ផ្លាស្ទិចនិងងដាំកូនឈើនៅវិទ្យាល័យហ៊ុនសែនត្បែងស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥--កាកបាទក្រហមកម្ពុជាសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី "រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ"និងដាំកូនឈើនៅវិទ្យាល័យហ៊ុនសែនត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីលោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង លោក លោកស្រី មន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខា យុវជនកាកបាទក្រហមនិងសិស្សានុសិស្ស សរុបចំនួន៣០០នាក់(ស្រីចំនួន១៦៨នាក់)។

ក្នុងឱកាសនោះលោក វ៉ា សុភ័ក្រ្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសចំពោះប្អូនៗអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហម ដែលកម្លាំងនាំមុខនៅសហគមន៍ និងជាទំពាំងស្នងឫស្សីរបស់សង្គមផងដែរ ។


លោក កែវ ផល បានបង្ហាញពីគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហមនិងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លងនិងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ ជាពិសេសដើម្បីចូលរួមទប់ស្កាត់និងការពារជំងឺមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើមស្របតាមទិសស្លោក"ស្រឡាញ់ខ្លួនស្ងួនចំណី"។


លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បញ្ជាក់ថា ដើម្បីសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុត ឬកប់សំបកដបជ័រក្នុងដី។ទន្ទឹមនឹងនេះលោកក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារមេរោគអេដស៍និងជំងឺអេដស៍ផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





