វេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ នៅស្រុកប្រាសាទសំបូរ
AKPកំពង់ធំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥--មន្ទីរកិច្ចការនារីខេត្តកំពង់ធំសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រនិងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅវត្តសិរីមង្គល ហៅវត្តកំពង់ជ្វាភូមិកំពង់ជ្វាឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹង នុភាព តំណាងរាស្រ្តកំពង់ធំ លោកស្រី ឡេង មោនីផា អនុប្រធាននាយកដ្ឋានស្រី្ត និងសុខភាព នៃក្រសួងកិច្ចការនារី លោក ម៉ាន់ សារ៉ាត់អភិបាលរងស្រុកប្រាសាទសំបូរ

លោកស្រី ស៊ូ ផារិន អនុប្រធានមន្ឋីរកិច្ចការនារីខេត្តកំពង់ធំ លោកស្រី ហួត ប៉ិចមកពីអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខត្តកំពង់ធំ លោកស្រី គង់ សុភី មកពីការិយាល័យសង្គមកិច្ចសុខមាលភាពសង្គម ស្រុកប្រាសាទសំបូរ លោក មេឃុំគោលនិងប្រជាពលរដ្ឋនៅសហគមន៍សរុបប្រមាណ២០៧នាក់ (ស្រី១៥២នាក់)។

ក្នុងឱកាសនោះឯកឧត្តម ឃឹង នុភាព បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ថែទាំសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទាំភ្នែក ដើម្បីព្យាបាលឱ្យទាន់ពេលវេលា ព្រោះសុខភាពភ្នែកនេះជារឿងចាំបាច់របស់មនុស្សដែលត្រូវការមើលជិតនិងឆ្ងាយ។

ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពវេទិកាថ្ងៃនេះល្អណាស់ ដែលមានសកម្មភាពពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងសហគមន៍។រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាការលំបាកផ្សេងៗ សូមបងប្អូនដែលបានព្យាបាលភ្នែករួចហើយ ត្រូវយកចិត្តទុកដាក់ថែរក្សានិងគោរពទៅតាមគោលការណ៍របស់ពេទ្យ ដើម្បីកុំឱ្យភ្នែកមានបញ្ហាតទៅមុខទៀត៕
ដោយ៖ ស៊ុម វណ្ណា





