ឯកឧត្ដម ពៅ ករុណា អញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រៀមរៀបចំ«កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥--នៅសាលប្រជុំធំ នៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ពៅ ករុណា អនុរដ្ឋលេខាធិការ អញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីត្រៀមរៀបចំ«កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា»។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន លោកស្រីនាយិការងខុទ្ទកាល័យ លោក លោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គប្រជុំនូវរបៀបវារៈនៃកិច្ចប្រជុំដោយ ឯកឧត្តម បានរំលឹកអំពីការរៀបចំ«កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) កម្ពុជា-ថៃ លើកទី៦» ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។
ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ដែលបានបំពេញការងារតាមការចាត់តាំងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានធ្វើឱ្យកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមការគ្រោងទុក។

ឯកឧត្តម បានមានប្រសាសន៍រំលឹកអំពីសារៈសំខាន់របស់ក្រុមការងាររៀបចំកិច្ចប្រជុំទ្វេភាគីដែលដើរតួនាទីជាតួអង្គសម្រប សម្រួល និងគាំទ្រលើផ្នែករដ្ឋបាល ពិធីការ សន្តិសុខសណ្តាប់ធ្នាប់ ហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាបាននូវការរៀបចំកិច្ចប្រជុំអាចប្រព្រឹត្តទៅដោយរលួន និងទទួលបានភាពជោគជ័យគួរជាទីមោទនៈ។ ជាមួយគ្នានេះ ឯកឧត្តមក៏ មានប្រសាសន៍អំពីការត្រៀមខ្លួនរបស់ក្រុមការងាររៀបចំកិច្ចប្រជុំទ្វេភាគីសម្រាប់«កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា» ទៅតាមមុខព្រួញទទួលខុសត្រូវរៀងៗខ្លួននិង បានឱ្យក្រុមការងារទទួលខុសត្រូវតាមមុខព្រួញនីមួយៗលើកឡើងអំពីបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមកនៅក្នុងដំណើការរៀបចំកិច្ចប្រជុំ ក៏ដូចជាសំណើនិងសំណូមពរ ដើម្បីជជែកពិភាក្សារកដំណោះស្រាយរួមមួយសម្រាប់ក្រុមការងារទាំងមូល។
ក្រោយបានស្តាប់មតិយោបល់របស់អង្គប្រជុំ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំជាគោលការណ៍ដល់ក្រុមការងារព្រមទាំងបញ្ជាក់បន្ថែមអំពីការទទួលខុសត្រូវ និងការតាមដានការអនុវត្តរបស់ក្រុមនីមួយៗរហូតដល់កិច្ចប្រជុំត្រូវបានបញ្ចប់ជាស្ថាពរ។
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





