ជំហានថ្មីក្នុងការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក រួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ "កម្ពុជាស្អាត" របស់រាជរដ្ឋាភិបាលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥-- ការអនុវត្តគម្រោងគំរូនៃការញែកសំណល់ GGI4CE នៅទូទាំងខេត្តបាត់ដំបង បានចាប់ផ្តើមជាផ្លូវការ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ។ ពិធីប្រកាសនេះបានធ្វើឡើងនៅសាលសន្និសីទមហានគរនៃសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបានខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋាន សាស្រ្តាចារ្យ សិស្ស និស្សិត ជាច្រើននាក់។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ក្នុងការជំរុញការគ្រប់គ្រងសំណល់រឹងប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជា ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-អាល្លឺម៉ង់ រយៈពេលជាង ២៥ ឆ្នាំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមគាំទ្រដល់សកម្មភាពឆ្ពោះទៅកម្ពុជាស្អាត ពីដៃគូអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាសហព័ន្ធអាល្លឺម៉ង់ តាមរយៈឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បាននាំយកបទពិសោធន៍ល្អៗ ក្នុងការគ្រប់គ្រងសំណល់រឹង និងសំរាម មកចែករំលែក ជាមួយប្រជាពលរដ្ឋកម្ពុជា។ បទពិសោធន៍ទាំងនេះរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ "កម្ពុជាស្អាត" និងពិតជាឆ្លើយតបនឹងសសរស្ដម្ភ ភាពស្អាត ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ចលនា "កម្ពុជាស្អាត" កំពុងរីកសុះសាយនៅទូទាំងប្រទេស ដោយមានប្រជាពលរដ្ឋជាង ២ ម៉ឺននាក់ក្នុងមួយថ្ងៃចេញមករើសសំរាមនៅក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ បន្ទាប់ពីរើសសំរាមបានស្អាតហើយ ក្រសួងក៏បានរៀបចំចែកធុងសំរាម ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីឱ្យពួកគាត់ញែក និងទុកដាក់សំណល់បានត្រឹមត្រូវ។ កត្តានេះមិនត្រឹមតែជួយសម្រួល ដល់អ្នកកែច្នៃសំរាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយបរិមាណសំរាម ដែលត្រូវចាក់ចោលនៅទីលានផងដែរ។ ជាក់ស្ដែង នៅក្នុងភាពស្អាតលើដីកម្ពុជា យើងបានសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់មួយគឺ ការកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៨៤% នៅក្នុងឆ្នាំ២០២៤។ លើសពីនោះក៏មានភាពស្អាតក្នុងទឹក និងខ្យល់ផងដែរ ដែលនេះឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងបរិស្ថានស្អាត និងនិរន្តរភាពសម្រាប់កម្ពុជាទាំងមូល នេះជាប្រសាសន៍សង្កត់ធ្ងន់ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។


សូមបញ្ជាក់ថា គម្រោង GGI4CE (Green Growth Initiative for Circular Economy) ក្នុងខេត្តបាត់ដំបង គឺជាគំរូដ៏សំខាន់មួយក្នុងការជំរុញ សេដ្ឋកិច្ចចក្រា និងការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ តាមរយៈការលើកកម្ពស់ ការញែកសំណល់នៅតាមគ្រួសារ និងការបង្កើនការកែច្នៃឡើងវិញ គម្រោងនេះបានរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបរិមាណសំណល់ប្លាស្ទិក ដែលត្រូវយកទៅចាក់នៅទីលានទុកដាក់សំរាម៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





