សម្តេចតេជោ៖ កម្ពុជាមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថាកម្ពុជាមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ។

ការលើកឡើងរបស់សម្តេចតេជោបន្ទាប់ពីឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោនៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោបានលើកឡើងថាល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង!។ ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ"។
សម្តេចតេជោបានលើកឡើងទៀតថាសម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។
ជាមួយគ្នានោះដែរសម្តេចតេជោ បានបន្ថែមថា បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រកសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។
សម្តេចតេជោបានគូសបញ្ជាក់ថា៖"
ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា"។
សម្តេចតេជោបានអះអាងថា៖"
ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។
ជាមួយគ្នានោះដែរសម្តេចតេជោបានលើកឡើងតឿតថាប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០៕
ដោយ៖ ប៊ុនរិទ្ធ





