ឯកឧត្តម ម៉ែន សុចិត្រ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងការអនុវត្តនីតិវិធីស្មុំកូននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងការអនុវត្តនីតិវិធីស្មុំកូននៅកម្ពុជា ដែលមានសមាសភាពអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស.អ.យ. តំណាងប្រធានមន្ទីរស.អ.យ រាជធានី ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង និងខេត្តព្រះសីហនុ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ចៅក្រម ២៥រាជធានី ខេត្ត ចៅក្រមនិងក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ គណៈមេធាវី ប្រធានមជ្ឈមណ្ឌលទារកនិងកុមារជាតិ និងអង្គការដៃគូ សុរបចំនួន ១០៤នាក់។


សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចំនួន ៤គឺ៖ ទី១. ចែករំលែកអំពីវឌ្ឃនភាព និងបញ្ហប្រឈមនៃការអនុវត្តកិច្ចការស្មុំកូនកន្លងមករវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថាប័នតុលាការ។ ទី២. ការចែករំលែកអំពីនីតិវិធីរដ្ឋបាលដែលបានកំណត់នៅក្នុងនីតិវិធីនៃការអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ ដោយមន្ត្រីសង្គមកិច្ច មុនដាក់ជូនតុលាការចេញដីការសម្រេចស្មុំកូន។ ទី៣. ចែករំលែកច្បាប់ នីតិវិធីអនុវត្តរបស់តុលាការក្នុងដំណើរការស្មុំកូនក្នុងប្រទេស និងអន្តរប្រទេសដោយតុលាការ និងទី៤. ពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងការពង្រឹងកិច្ចសហការ ដើម្បីលើកកម្ពស់ការអនុវត្តស្មុំកូននៅកម្ពុជា ។

ក្នុងសិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីថវិកាពីគម្រោង Our Bright Home project ពីអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសអ៊ីតាលី (CAI) និងអនុវត្តដោយអង្គការ CIFA, CIAI និង NAAA ក្រោមការសម្របសម្រួល និងរៀបចំដោយនាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួង ស.អ.យ. សហការជាមួយក្រសួងយុត្តិធម៌៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





