ក្រុងសៀមរាបជំរុញការផ្តល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ
AKP សៀមរាប ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានប្រកាស និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាតាមការិយាល័យច្រកចេញចូលតែមួយនោះ ឥឡូវនេះការិយាល័យច្រកចេញចូលតែមួយត្រូវបានបង្កើនការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួលសម្រាប់បងប្អូន មិនខាតពេលវេលារបស់ខ្លួន។ ការប្រកាស និងជំរុញបែបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងខណៈពេលដែលក្រុមប្រឹក្សាក្រុងសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ដែលមានអ្នកចូលរួមជាមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

ពាក់ព័ន្ធទៅនឹងការប្រកាសការផ្តល់សេវាតាមប្រព័ន្ធអនឡាញនេះដែរ លោកអភិបាលក្រុងក៏បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៤ឆ្នាំ២០២៥នេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុង។ ហើយនៅក្នុងវេទិកានោះដែរ គេបានផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលក្រុង ជាមួយរដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍក្រុងសៀមរាប ប្រកបដោយចីរភាព និងប្រសិទ្ធភាព។


លោកស្រីប្រធានក្រុមប្រឹក្សាក្រុងបានមានប្រសាសន៍ឱ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាការរួមចំណែកក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការ សហគមន៍មូលដ្ឋាន ដើមី្បឱ្យមានភាពជឿជាក់ មានសេចក្តីក្លាហាន ក្នុងការលើកឡើង អំពីបញ្ហាតម្រូវការ សំណូមពរ ក្តីកង្វល់ និងមតិយោបល់ផ្សេងៗ។ ហើយតាមរយៈការរៀបចំវេទិការបស់ក្រុមប្រឹក្សាក្រុង និងអនុវត្តតាមទស្សនៈប្រជាពលរដ្ឋហ៊ានចូលរួម ក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន។

វេទិកានោះទទួលបានជាសំណួរ និងសំណូមពរផ្ទាល់មាត់ចំនួន១៧សំណួរ និងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន១០ ដែលពាក់ព័ន្ធពីបញ្ហាអគ្គិសនី ផ្លូវថ្នល់ ដីបុរាណដ្ឋាន ប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ ប្រព័ន្ធធារាសាស្ត្រ សណ្តាប់ធ្នាប់លក់ដូរ និងបញ្ហាបណ្ណសមធម៌។ រាល់សំណួរ និងសំណូមពរទាំងនោះ ត្រូវបានលោកស្រីប្រធានក្រុមប្រឹក្សាក្រុង និងលោកអភិបាលក្រុង រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានធ្វើការដោះស្រាយបំភ្លឺជូនប្រជាពលរដ្ឋរួចអស់ហើយដែរ៕
ដោយ ហង្ស សៀក





