សាខាពន្ធដារខេត្តកំពង់ស្ពឺរៀបចំសិក្ខាសាលា ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន
AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- លោក ប៉ែត ចក់ ប្រធានសាខាពន្ធដារសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលរងក្រុង និងស្រុក និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ៥០នាក់ នៅសាលប្រជុំពន្ធដារខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ប៉ែត ចក់ បានមានមតិស្វាគមន៍ និងថ្លែងអំណរអរគុណដល់លោក លោកស្រីដែលជាសិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលា ក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយអំពីពន្ធលើមធ្យោបាយដឹកជញ្ជូន ដែលជាប្រភេទពន្ធចំណូលថវិកាថ្នាក់ក្រោមជាតិ សម្រាប់អភិវឌ្ឍន៍ខេត្ត។


ទន្ទឹមនឹងនេះ លោកប្រធានសាខាក៏បានស្នើសុំដល់មន្ទីរអង្គភាពវិស័យប្រភេទពន្ធចំណូលថវិកាថ្នាក់ក្រោមជាតិ លោក លោកស្រី អង្គភាពពាក់ព័ន្ធទាំងអស់ សូមជួយផ្សព្វផ្សាយសហការ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអោយមកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនអោយបានគ្រប់ៗគ្នា សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៥ ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដូច្នេះម្ចាស់យានយន្តទាំងអស់ត្រូវចូលរួមអនុវត្តកាតព្វកិច្ចនេះឱ្យត្រឹមត្រូវតាមពេលវេលាកំណត់ ចៀសវាងរងការផាកពិន័យ។

លោក ប៉ែន ចក់ បានសង្កត់ធ្ងន់ថា ជាពលរដ្ឋគំរូត្រូវតែបង់ពន្ធជូនរដ្ឋតាមច្បាប់បានកំណត់ ហើយតួយ៉ាងមន្ត្រីអ្នកអនុវត្តច្បាប់ពន្ធដារ ក៏ត្រូវតែផ្តល់សេវាឱ្យបានឆាប់បំផុត និងមិនមានយកប្រាក់លើសតម្លៃពន្ធដារឡើយ៕
ដោយ លឹម សាន្ត





