ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា៖ ថៃបានបំពាន និងមិនគោរពអនុស្សរណៈនៃការយោគយល់គ្នាចំនួន៦៩៥ករណី
AKP ត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា គិតសរុបជាបណ្ដោះអាសន្នចំពោះភាគីថៃ ដែលបានបំពាន និងមិនគោរពនូវអនុស្សរណៈយោគយល់គ្នា(MOU) ឆ្នាំ២០០០ មានចំនួន៦៩៥ករណី។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍បែបនេះ ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានលើកឡើងថា ក្នុងកិច្ចប្រជុំគណៈកម្មចម្រុះព្រំដែន(JBC) ក៏មានព័ត៌មានពីភាគីថៃលើកឡើងថា កម្ពុជាបំពានអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ហើយបើយើងលើកឡើងពីការបំពានរបស់ថៃគឺមានច្រើនជាងកម្ពុជាដាច់ ក្នុងនោះការបំពានរបស់កម្ពុជាដែលភាគីថៃលើកឡើងថា មាន៤៩៧ករណី។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការបំពានដែលភាគីថៃបានលើកឡើងនោះ រួមមានដូចជា ការធ្វើស្រែលើសបន្ដិចបន្ដួច ឬមួយក៏មានប្រជាជនកម្ពុជាឡើងច្រៀងលើប្រាសាទតាមាន់ ក៏ភាគីថៃគិតថា ជាការបំពានលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ក៏បានគូសបញ្ជាក់ផងដែរថា៖ «បើសិនជាថៃលើកពីចំណុចនេះ ថាជាចំណុចបំពាន យើងក៏បានចងក្រង យើងមានឯកសារ យើងមានភស្ដុតាងទាំងអស់ ថៃបានឈ្លានពាន ឬក៏មិនគោរពនូវ MOU ឆ្នាំ២០០០ សរុបជាបណ្ដោះអាសន្ន បន្ទាប់ពីយើងសរុបមកហើយ នៅបន្ដមានការប៉ះទង្គិច បន្ដមានការរំលោភមកទៀត ហើយយើងសរុបមកថៃមានចំនួន៦៩៥ករណី ដែលបំពានទៅលើ MOU ឆ្នាំ២០០០។ ឥឡូវនៅមានទៀត ការធ្វើផ្លូវ កងកម្លាំងល្បាតមិនបានជូនដំណឹងមកភាគីកម្ពុជានោះទេ»។


ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានអះអាងថា ឥឡូវភាគីថៃលើកឡើងថា ចង់បានសន្ដិភាព មិនចង់មានបញ្ហាទៀតទេ ហើយភាគីថៃបន្ថែមថា ការដាក់ទ័ពមកតាមព្រំដែន គឺដើម្បីការពារ ហើយឯកឧត្ដម នាយឧត្ដមសេនីយ៍ក៏បានជម្រាបជូនតបវិញថា ភាគីកម្ពុជាដាក់ទ័ពមកដើម្បីការពារដែរ ដូចគ្នា។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ជឿជាក់ថា ទាំងអស់គ្នាជ្រាបពីសមត្ថភាពកងទ័ព សមត្ថភាពនៃតូបករណ៍របស់ថៃ និងកម្ពុជាហើយ ខ ណៈថៃគេបង្ហោះកាំជ្រួច បង្ហោះសពា្វវុធ មិនថា ដែនអាកាស មានយន្ដហោះចម្បាំង មានកាំភ្លើងធំ មាននាវាចម្បាំង ទាំងជើងគោក ទឹក អាកាស គឺមានគ្រប់។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្រ្ដីបានឱ្យដឹងផងដែរ ចំពោះកម្ពុជាវិញមិនមានយន្ដហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ព្រោះដោយសារកម្ពុជាបំពេញសមត្ថភាព ដើម្បីការពារប្រទេស ហើយកម្ពុជាមានកាំភ្លើងបាញ់ការពារអាកាស មានកាំភ្លើងបាញ់ការពាររថក្រោះ ហើយក៏មានកាំភ្លើងបាញ់នៅជួរមុខនៅឆ្នេសមុទ្រផងដែរ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍បានសង្កត់ធ្ងន់ថា៖ «ចំណែកខ្មែរមានអី ខ្ញុំសូមជម្រាបដែរ ខ្មែរមិនមានយន្ដហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ព្រោះដោយសារអី ខ្មែរបំពេញសមត្ថភាព ដើម្បីការពារប្រទេស ខ្មែរមានកាំភ្លើងបាញ់ការពារអាកាស ខ្មែរមានកាំភ្លើងបាញ់ការពាររថក្រោះ ហើយខ្មែរក៏មានកាំភ្លើងបាញ់នៅជួរមុខនៅឆ្នេសមុទ្រផងដែរ។ ខ្មែរបានសហការជាមួយភាគីមិត្ដមួយចំនួនក្នុងការលើកកម្កើងសមត្ថភាពយោធាត្រឹមការពារប្រទេស ដាច់ខាតគឺការពារប្រទេស មិនមានតម្កើងសព្វាវុធ ដើម្បីឈ្លានពានគេនោះទេ កុំភ័យខ្ញុំមិនមានយន្ដហោះចម្បាំងហោះទៅដល់បាងកកនោះទេ។»
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានបញ្ជាក់ឱ្យដឹងផងដែរទាក់ទងនឹងមេទ័ពភូមិភាគ២របស់ថៃ ដែលអះអាងថា តែមួយភ្លែតថៃវ៉ៃដល់ភ្នំពេញហើយ ក្នុងពេលធ្វើបាឋាកថាជាមួយនាយទាហានក៏បាននិយាយទៀតថា បើដោះស្រាយបញ្ហាព្រំដែនមិនចេញ ដំណោះស្រាយចុងក្រោយគឺមានតែនាំគ្នាបាញ់គ្នាហើយ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍បានបន្ថែមថា៖ «ខ្ញុំមិនហ៊ានលើកឡើងដូចមេទ័ពភូមិភាគ២របស់ថៃថា តែមួយភ្លែតគេវ៉ៃដល់ភ្នំពេញហើយ ខ្ញុំអត់មានលទ្ធភាពដល់អ្នកឯងទេ ហើយមេភូមិភាគ២របស់ថៃ ក្នុងពេលធ្វើបាឋាកថាជាមួយនាយទាហាននិយាយថា បើដោះស្រាយបញ្ហាព្រំដែនមិនចេញ មានតែនាំគ្នាបាញ់គ្នាហើយ។ នេះហើយជាថ្នាក់ដឹកនាំរបស់ថៃដែលទន់ភ្លន់ ស្លូតបូតណាស់ ដែលបានលើកឡើង ហើយប្រជាជនថៃបានកោតសរសើរមេភូមិភាគ២ថា ទន់ភ្លន់ ស្លូតបូតណាស់ តែពួកគេមានបានមើលវីដេអូរបស់គាត់ហើយឬនៅ ក្នុងពេលធ្វើបាឋកថាជួបជាមួយកងទ័ពនោះ គឺដំណោះស្រាយចុងក្រោយចំពោះបញ្ហាព្រំដែនគឺមានតែនាំគ្នាបាញ់គ្នាទេ»៕ដោយ៖ រិទ្ធី





