រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជាលើកឡើងថា ពេលមានជំនួបម្ដងៗ ភាគីថៃបានចេញសេចក្ដីថ្លែងការណ៍មុនកម្ពុជា ដែលមិនដូចនឹងការប្រជុំគ្នាក្នុងបន្ទប់ ខណៈចេញមកក្រៅធ្វើសេចក្ដីថ្លែងការណ៍ផ្សេង
AKP ត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ភាគីពេលដែលមានជំនួបម្ដងៗមិនថាថ្នាក់កងទ័ពជើងគោគ ឬថ្នាក់ភូមិភាគនោះទេគឺខាងភាគីថៃបានចេញសេចក្ដីថ្លែងការណ៍មុនកម្ពុជារហូត ហើយកម្ពុជាចេញសេចក្ដីថ្លែងការណ៍ទប់ដោយសារតែវាមិនដូចនឹងការប្រជុំគ្នានៅក្នុងបន្ទប់ ខណៈពេលចេញមកក្រៅបន្ទប់ ភាគីថៃធ្វើសេចក្ដីថ្លែងការណ៍ផ្សេង។ ការលើកឡើងរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍បែបនេះ ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ការចេញសេចក្ដីថ្លែងការណ៍របស់ភាគីថៃនេះគឺមិនដូចនឹងការប្រជុំគ្នានៅក្នុងបន្ទប់ជាមួយកម្ពុជានោះទេ ពេលចេញមកក្រៅបន្ទប់ភាគីថៃធ្វើសេចក្ដីថ្លែងការណ៍ផ្សេងទៅវិញ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីចឹងហើយកម្ពុជាបកស្រាយ តែបច្ចុប្បន្នភាគីថៃគេថាយើងក្រឡិចក្រឡុច យើងចោទប្រកាន់គេរហូត។ ខ្ញុំថា ត្រឡប់ទៅមើលថ្ងៃទី១ ថៃចេញសេចក្ដីថ្លែងការណ៍ ថ្ងៃទី២ ខ្មែរចេញសេចក្ដីថ្លែងការណ៍ក្នុងការបកស្រាយ មិនថា រដ្ឋមន្រ្ដីក្រសួងការពារជាតិ ជើងគោកក្ដី ឬភូមិភាគគឺដូចគ្នាទាំងអស់ គឺភាគីថៃ ចេញបែបនេះទាំងអស់ ហើយក៏បានប្រាប់ទៅភាគីថៃឱ្យត្រឡប់ទៅមើលឡើងវិញមុននឹងចោទមកលើកម្ពុជា។ ខ្ញុំនិយាយនេះ មិនមែនបង្អាប់ទៅរដ្ឋាភិបាលថៃនោះទេ ប៉ុន្ដែប៉ុស្ដិ៍ទូរទស្សន៍ថៃ សារព័ត៌មានថៃមួយចំនួន លើកឡើង និងវាយប្រហារមកលើការធ្វើការងារ និងប្រមាថមកលើរាជរដ្ឋាភិបាល ប្រមាថមកលើថ្នាក់ដឹកនាំរបស់យើង។»

ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានរបស់ភាគីថៃនេះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ក៏បានលើកជាសំណួរសួរមិត្ដវៀតណាមថា បើសិនជាអ្នកជិតខាងល្អ ដឹងទុក្ខលំបាករបស់បងប្អូនអ្នកជិតខាង ពេលដែលសារព័ត៌មានរបស់ជាតិខ្លួនឯងចេញមកប្រមាថលើមិត្ដខ្លួនឯង តើមានទឹកចិត្ដបន្ដិចចេញមកការពារ ឬក៏ឈប់កុំឱ្យលើកឡើងអំពីរឿង ដែលខុសនេះ ឬយ៉ាងណាដែរ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំសួរមិត្ដវៀតណាម បើសិនជាអ្នកជិតខាងល្អ ដឹងទុក្ខលំបាករបស់បងប្អូនអ្នកជិតខាង ពេលដែលសារព័ត៌មានរបស់ជាតិខ្លួនឯងចេញមកប្រមាថលើមិត្ដខ្លួនឯង តើមានទឹកចិត្ដបន្ដិចចេញមកការពារ ឬក៏ឈប់កុំឱ្យលើកឡើងអំពីរឿងនេះវាខុស ប្រមាថដល់ថ្នាក់ដឹកនាំរបស់ខ្ញុំ ប្រមាថដល់ប្រជាជនរបស់ខ្ញុំ។ នេះគឺដោយសារតែអាព័ត៌មានក្រៅផ្លូវការដែលលើកមកផ្សាយអំពីចំណុចអវិជ្ជមានរបស់កម្ពុជា ក្នុងន័យមួយប្រហែលជាការវាយប្រហាររបស់រដ្ឋាភិបាលរបស់ខ្លួនដែលខ្ញុំមិនច្បាស់ដែរ ប៉ុន្ដែមានប៉ុស្ដិ៍ទូរទស្សន៍ថៃមួយចំនួន ប៉ុស្ដិ៍ទូរទស្សន៍ល្បីៗរបស់ថៃមួយចំនួនគឺចេញមកផ្សព្វផ្សាយវីដេអូ»៕
ដោយ៖ រិទ្ធី





