ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់ស្ទឹងមានជ័យទី២ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា និងបណ្ណប.ស.ស ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ថវិកា និងបណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស) ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីជាការជួយសម្រួល និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដោយពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនេះមានអញ្ជើញចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា នេះជាលើកទី២ហើយដែលលោកជំទាវបានមកជួបសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនៅទីនេះ។ កន្លងមកនេះលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ធ្លាប់បានដើរលេងកម្សាន្តនៅភ្នំគូលែន ម្ដងរួចមកហើយ។ លោកជំទាវបណ្ឌិតនឹងស្នើសុំទៅសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយបានទៅដើរលេងកម្សាន្តម្ដងទៀត។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ ជាក់ស្ដែងនៅពេលនេះ សម្ដេចធិបតីបានផ្ដល់នូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ព្រមទាំងប្រគល់បណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស) ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង១ពាន់គ្រួសារ ដើម្បីបានព្យាបាលជំងឺដោយមិនអស់ប្រាក់។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា ប្រទេសកម្ពុជាយើងមិនធ្លាប់មានសន្តិភាព៥០០ឆ្នាំមកហើយ។ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃ។ ពាក់ព័ន្ធនឹងទំនាស់នេះ កាលពីថ្ងៃទី១៨ មិថុនា ប្រជាពលរដ្ឋខ្មែរយើងបានរៀបចំព្រឹត្តិការណ៍ព្យុះហយាត្រាសាមគ្គីភាពដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់។
លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជាយើងមានចំនួន១៧លាននាក់ បើយើងរួមគ្នាជាធ្លុងមួយ យើងនឹងមានភាពរឹងមាំ ឈ្នះអ្វីគ្រប់យ៉ាង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ហាព្រំដែន។ យើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរក្សាជាតិមាតុភូមិរបស់យើងទុកឱ្យកូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះគឺមានចំនួន ១២០៦គ្រួសារ ជាមួយនឹងការផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាង១ពាន់នាក់។ នេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចធិបតី ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដើម្បីកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងចំនួនបណ្ណប.ស.សជាង១០០០គ្រួសារនេះ បានប្រគល់ជូនមូលនិធិកុមារកម្ពុជាចំនួន៩៦០នាក់ និងប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២ ចំនួន២៨៦នាក់។ បន្ថែមពីលើនេះប្រជាពលរដ្ឋទាំង១២០៦គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិកាចំនួន១០ម៉ឺនរៀលថែមទៀត៕
ដោយ សួស សំរិត





