កម្ពុជា និងម៉ាឡេស៊ី រួមគ្នាពង្រឹង និងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន
AKP ភ្នំពេញថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥៖
កម្ពុជា និងម៉ាឡេស៊ី រួមគ្នាពង្រឹង និងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំព្រឹត្តការណ៍ទេសចរណ៍ធំៗ រួមគ្នា។

ការគូសបញ្ជាក់នេះ ត្រូវបានភាគីទាំង២ លើកឡើងនៅក្នុងពិធីជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ រវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងសហការី នៅសណ្ឋាគារ Shangri-La នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥នេះ។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងម៉ាឡេស៊ី បានឯកភាពពីសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមន្សពីលទ្ធភាពដ៏ល្អ និងគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិទេសចរណ៍កន្លងមក។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំព្រឹត្តការណ៍ទេសចរណ៍ធំៗ និងទាក់ទាញ រួមគ្នា ការជំរុញឱ្យមានជើងហោះហើរត្រង់រវាងតំបន់ទេសចរណ៍នៃប្រទេសទាំងពីរឱ្យបានច្រើន ទៀងទាត់ និងជាប្រចាំ ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ រួមទាំងការប្រឹក្សាយោបល់លើការរៀបចំទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និង ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ដើម្បីជំរុញឱ្យមានកំណើនទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសទាំងពីរកាន់តែច្រើនឡើង។
ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកពូនជ្រំកិច្ចសហប្រតិបត្តិទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរីកលូតលាស់ ព្រមទាំងជាកត្តាដែលជួយទាក់ទាញទំនុកចិត្តវិនិយោគិន និងទេសចរម៉ាឡេស៊ីមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ជាពិសេសការសម្រេចបាននូវការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុង Penang ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំៗ និងសំខាន់របស់ប្រទេសម៉ាឡេស៊ី៕
ដោយ៖ ចរិយា ប្រភព៖ ក្រសួងទេសចរណ៍





