មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំលើតម្លៃទីផ្សារកសិផល និងផលិតផលកសិកម្ម
AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--
លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធជុំវិញតម្លៃទីផ្សារកសិផល និងផលិតផលកសិកម្ម លើទីផ្សារប្រចាំថ្ងៃ ទាំងតម្លៃលើទីផ្សារ និងតាមសហគមន៍កសិកម្ម ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យជំនាញ និងសហគមន៍ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសែនក្រអូបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានជំរុញ និងគាំទ្រ ប្រជាកសិករសហគមន៍កសិកម្មនៅទូទាំងខេត្តកំពង់ស្ពឺ អោយងាកមកដាំដុះដំណាំបន្លែសរីរាង្គ ហើយត្រូវគិតពីទីផ្សារជាមុនសិន មុននឹងដាំដំណាំ ដើម្បីកសិករយើងមានទីផ្សារល្អ។ ដើម្បីមានភាពងាយស្រួលទាំងអ្នកផលិត និងអ្នកទិញ មន្ទីរកសិកម្មក៏បានរៀបចំបង្កើតសហគមន៍កសិកម្ម ក្នុងការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ធន់នឹងបម្រែបម្រួលអាកាសធាតុ មិនពិបាកថែទាំ ហើយចំណាយពេលវេលាតិច ទទួលបានទិន្នផលខ្ពស់ ពិសេសគ្មានសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ការដាំបន្លែសរីរាង្គគឺមានការរីកលូតលាស់ច្រើន ដែលមានតាមរយ:គម្រោង និងកម្មវិធីផ្សេងៗ ក្នុងការជួយគាំទ្រ ក្នុងនោះយើងក៏បានសង់ផ្ទះសំណាញ់ជូនប្រជាកសិករ គាត់ដាំក្នុងផ្ទះសំណាញ់ ដែលផលដំណាំនៅក្នុងផ្ទះសំណាញ់វាល្អ ហើយវាមានសុវត្ថិភាព ដែលជាហេតុជំរុញឱ្យពួកគាត់អាចដាំបានពេញមួយឆ្នាំ។ ម្យ៉ាងទៀតឃើញថាបន្លែ គឺមានការពេញនិយម និងកំពុងតែរីកផុសផុលហើយក្នុងខេត្តកំពង់ស្ពឺ និងមិនមានបញ្ហាអ្វីទេ។

លោក យឹម ណន បានប្រសាសន៍បន្តថា យើងមានសហគមន៍ជាច្រើនបានដាំដំណាំសរីរាង្គប៉ុន្តែមាន៤សហគមន៍កសិកម្ម ដែលលេចធ្លោជាងគេរួមមាន៖ សហគមន៍កសិកម្មស្ត្រីក្តីសង្ឃឺមជីវិតថ្លៃថ្នូរប្រាំបីមុម សហគមន៍កសិកម្មសាមគ្គីអមលាំង សហគមន៍កសិកម្មគាំទ្រស្ត្រីត្រពាំងជោរ និង សហគមន៍កសិកម្មស្ត្រីសាមគ្គីសង្កែសាទប។ ក្នុងចំណោមសហគមន៍ទាំង៤នេះ ជាក់ស្តែង សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ដែលបានធ្វើការដាំដុះបន្លែលើទឹក (Hydroponic) ការដាំដុះបន្លែលើទឹក ជាការដាំដុះមួយបែបដែលត្រូវបានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ បានទទួលជោគជ័យ ក្នុងការដាំសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលបច្ចុប្បន្នអាចឈានទៅដល់បញ្ជូនទៅលក់កាន់ទីផ្សារទាំងក្នុងតំបន់ និងមួយផ្នែកទៀតបានចែកចាយលក់ទៅកាន់បណ្តាខេត្តដទៃទៀត។ សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកបានឱ្យដឹងថា បច្ចេកទេសដាំបន្លែលើទឹក ពោល គឺជាការដាំដោយមិនប្រើដី ជាវិធីសាស្រ្តមួយដែលសហគមន៍ទទួលបានជោគជ័យ និងព្រមជាមួយគ្នាផងដែរ ថែមទាំងបានឈានទៅដល់បណ្តុះបណ្តាលដល់សហគមន៍ដទៃសម្រាប់សិក្សារៀនសូត្រជំនាញដើម្បីអនុវត្តក្នុងសហគមន៍របស់ខ្លួនថែមទៀត។ ក្រៅពីការដាំបន្លែលើទឹកនេះ សហគមន៍ក៏បានធ្វើការបណ្តុះបណ្តាលប្រជាសហគមន៍ ដែលកាលពីមុនមិនចេះដាំបន្លែ ចិញ្ចឹមសត្វ តែក្រោយការបង្កើតសហគមន៍ ពួកគាត់បាននាំគ្នាដាំបន្លែ និងចិញ្ចឹមសត្វធ្វើឱ្យជីវភាពមានការផ្លាស់ប្តូរប្រសើរជាងមុន។កាលពីមុនពួកគាត់ខ្លះបានចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ខ្លះធ្វើចំណាកស្រុក ខ្លះស៊ីឈ្នួលធ្វើស្មៅតាមចំការអំពៅឱ្យគេ តែបច្ចុប្បន្នបានងាកមកដាំបន្លែ និងចិញ្ចឹមសត្វ ហើយបើក្រឡេកមកមើលជីវភាពពួកគាត់ឃើញថាល្អប្រសើរឡើងបន្តបន្ទាប់។
លោកប្រធានមន្ទីរបានបន្តឱ្យដឹងថា ក្នុងរយៈពេល១ខែសហគមន៍អាចចំណូលពីបន្លែលើទឹកចំនួន ២៣ធ្នើ គឺអាចទទួលបានទិន្នផលប្រមាណ១តោន ៥០០គីឡូក្រាម ដោយបានថវិការសរុបជាង ១ពាន់ដុល្លារអាមេរិក ក្នុង១ខែ ឬបើមានការដាំចម្រុះ ថវិកាដែលទទួលបានក៏ច្រើនជាងនេះដែរ ពោលគឺអាស្រ័យទៅលើទិន្នផល និងតម្លៃលើទីផ្សារប៉ុណ្ណោះ។ ដើម្បីឆ្លើយតប និងលើកទឹកចិត្តដល់សហគមន៍កសិកម្ម លោកប្រធានមន្ទីរ បានថ្លែងការកោតសរសើរដល់គណៈកម្មការសហគមន៍ និងគាំទ្រលើកទឹកចិត្តដល់សមាជិកសហគមន៍ទាំងអស់ សូមខិតខំបន្ថែមទៀតដើម្បីសេដ្ឋកិច្ចគ្រួសារផង លើកកម្ពស់ផលិតកម្មក្នុងស្រុករបស់យើងផង និងប្រើប្រាស់ពេលវេលា ធនធានទាំងសម្ភារ កម្លាំងពលកម្មដែលយើងមាន ជាជាងចំណាកស្រុកទៅធ្វើការនៅក្រៅសហគមន៍។

លោក យឹម ណន បានបញ្ជាក់ថា មន្ទីរកសិកម្មខេត្តនឹងរង់ចាំជួយសម្របសម្រួលបញ្ហាប្រឈមនានានៅក្នុងសហគមន៍គ្រប់ពេលវេលា និងសូមជូនពរឱ្យសហគមន៍នៅទូទាំងខេត្តកំពង់ស្ពឺដំណើរការដាំដុះបន្លែផ្លែឈើធម្មជាតិប្រកបដោយផ្លែផ្កាល្អ និងទទួលបានផលល្អបន្ថែមទៀតនៅពេលខាងមុខ៕
ដោយ លឹម សាន្ត





