កំពង់ផែស្វយ័តក្រុងព្រះសីហនុរៀបចំមហាសន្និបាទភាគហ៊ុនិកលើកទី៨
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាទភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៨ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែ ភាគហ៊ុនិក ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបុគ្គលិករបស់កំពង់ផែជាច្រើនរូបទៀត។

មហាសន្និបាតភាគហ៊ុនិកលើកទី៨ ត្រូវបានរៀបចំឡើងដើម្បីរាយការណ៍អំពីលទ្ធផលការងារអាជីវកម្ម-សេវាកម្ម ឆ្នាំ២០២៤ និងទិសដៅការងារអាជីវកម្ម-សេវាកម្ម សម្រាប់ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត។ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងបានធ្វើការចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដោយអនុវត្ត និងបានរៀបចំយ៉ាងទៀងទាត់នូវមហាសន្និបាតភាគហ៊ុនិកបានចំនួន ៧លើក រួចមកហើយស្របតាមប្រកាស និងគោលការណ៍ណែនាំស្តីពី អភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈប្រកបដោយជោគជ័យ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងចូលរួមអនុវត្តការងារបានលទ្ធផលការងារជាទីគាប់ប្រសើរជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យខិតខំប្រឹងប្រែងបន្តទៀតដើម្បីសម្រេចបានគោលដៅរួម តាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់កំពង់ផែ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាឆ្នាំបន្តបន្ទាប់ ដើម្បីធានាដល់ដំណើរការអភិវឌ្ឍន៍កំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់កម្ពុជា ដោយស្របតាមទស្សនវិស័យរបស់រដ្ឋាភិបាល និងការផ្តល់សេវាកម្មក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែប្រសើរ៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ)





