សម្ដេចតេជោ ហ៊ុន សែន៖ ចូលចងចាំថា គ្មានជោគជ័យ ឬ លទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬ ការលះបង់នោះឡើយ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--ដោយរម្លឹកទៅដល់កាលពីប៤៨ឆ្នាំមុន នៃការយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ចូលចងចាំថាគ្មានជោគជ័យ ឬ លទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សានិងឈឺចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចតេជោបញ្ជាក់ថា៖ «ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?»។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន ហើយ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ ចូលចងចាំថាគ្មានជោគជ័យ ឬ លទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ។

គួរបញ្ជាក់ដែរថា នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក៏បានរៀបចំទីមីទ្ទីងអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៥) ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ មន្ត្រីជាន់ខ្ពស់ អភិបាល អភិបាលរងរាជធានី-ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងយុវជនផងដែរ។

សូមរម្លឹកផងដែរថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការ ជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត៕

ដោយ៖ ជឹម ណារី





