លោកជំទាវ ពុំ ចន្ទីនី អញ្ជើញរៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៥
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- កាកបាទក្រហមកម្ពុជាសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានរៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធាបបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជ. សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស្រី Akiko Sasaki ប្រធានអង្គការ side by side និងជាអ្នកជំនាញ CPR and AED ថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា និស្សិតសាកលវិទ្យាល័យ សរុបប្រមាណ៥០០នាក់ និងទទួលបានឈាមពីអ្នកស្ម័គ្រចិត្តបរិច្ចាគសរុបចំនួន១៨៩ប្លោក។

មានប្រសាសន៍ក្នុងឱកាសនោះ លោកវេជ្ជ. សុខ ប៉ូ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានរៀបចំពិធីនេះឡើងប្រកបដោយអត្ថន័យ និងគុណប្រយោជន៍ឥតគណនា ហើយក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាលសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។

លោកជំទាវអគ្គលេខាធិការបានថ្លែងកោតសរសើរចំពោះថ្នាក់ដឹក សាស្ដ្រាចារ្យ ទីប្រឹក្សា ប្រធានក្លឹបយុវជន និងក្មួយៗនិស្សិត យុវជនកាកបាទក្រហមកម្ពុជានៃសាកលវិទ្យាល័យទាំង២៥ ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងបានស្ម័គ្រចិត្តមកចូលរួមក្នុងពិធីនាព្រឹកនេះ ពិសេសស្ម័គ្រចិត្តបរិច្ចាគឈាម ចែករំលែកឈាម ចែករំលែកក្ដីស្រឡាញ់ និងផ្តល់ស្នាមញញឹម ព្រមជាមួយនូវស្មារតីនៃវប្បធម៌ចែករំលែក ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលក្នុងឆ្នាំនេះកត់សម្គាល់ឃើញថា ចំនួននិស្សិត យុវជនស្ម័គ្រចិត្តក្នុងការចូលរួមបរិច្ចាគឈាមមានការកើនឡើង បើប្រៀបធៀបនឹងការរៀបចំពិធីឆ្នាំ២០២៤។

បន្ថែមពីនេះទៅទៀត ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមនាពេលព្រឹកនេះមិនត្រឹមតែផ្តល់ការលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំក្នុងការជួយសង្គ្រោះជីវិត និងការលើកកម្ពស់ការយល់ដឹងវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាស នោះក៏មានធ្វើបទបង្ហាញស្ដីពីវិជ្ជាសង្គ្រោះបឋម ការធ្វើចលនាចង្វាក់បេះដូង (CPR) ការប្រើប្រាស់ម៉ាស៊ីន AED ដើម្បីសង្គ្រោះជីវិត និងការអប់រំផ្សព្វផ្សាយអំពីសុខភាពសហគមន៍ផងដែរ។

និស្សិត យុវជនស្ម័គ្រចិត្ត បានថ្លែងចំណាប់អារម្មណ៍ថា “ក្រៅពីចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ពួកគេបានដឹងពីសារៈសំខាន់នៃការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិត ហើយពួកគេមានភាពក្លាហានក្នុងការចូលរួមបរិច្ចាគឈាម និងបេ្តជ្ញាចិត្តចែករំលែកនូវព័ត៌មានដែលទទួលបានពីការបរិច្ចាគឈាមជូនដល់សាច់ញាតិ បងប្អូន មិត្តភក្តិ អ្នកស្គាល់របស់ពួកគេឱ្យបានយល់ដឹងនិងចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ព្រោះថាការបរិច្ចាគឈាម នាំឱ្យមានសុខភាពល្អ ”។

សូមបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតម្រូវការដ៏សំខាន់សម្រាប់ការបរិច្ចាគឈាម និងប្លាស្មា និងគុណបំណាច់ដែលអ្នកបរិច្ចាគឈាមមានលើជីវិតអ្នកជំងឺ។ លើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមទាំងថ្មី និងដែលមានស្រាប់ ផ្តល់ឈាមឱ្យបានទៀងទាត់ ជួយធានាឱ្យមានការផ្គត់ផ្គង់ឈាមមានស្ថេរភាព និងគ្រប់គ្រាន់។ គូសបញ្ជាក់ពីផលវិជ្ជមានរបស់អ្នកបរិច្ចាគឈាមទៅលើសុខភាព និងសុខុមាលភាពរបស់អ្នកដទៃ និងលើកកម្ពស់តម្លៃនៃសាមគ្គីភាពក្តីមេត្តានិងសហគមន៍តាមរយៈការបរិច្ចាគឈាម។ ប្រមូលការគាំទ្រពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីវិនិយោគ និងទ្រទ្រង់កម្មវិធីឈាមជាតិ ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានជាសកល ក្នុងការបញ្ចូលឈាមប្រកបដោយសុវត្ថិភាពនៅទូទាំងពិភពលោក៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





