ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជននៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីនាំយកនូវថវិកាបេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោក ឆេង ម៉ក់ អាយុ៥០ឆ្នាំ មានឋានន្តរសក្តិនាយចំណង់ បានចូលប្រើកងទ័ពនៅឆ្នាំ១៩៩០ នៅអតីតអង្គភាពកងវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានទទួលមរណភាពនៅវេលាម៉ោង៦៖០០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ លោក ឆេង ម៉ក់ ជាអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកក្នុងការការពារទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងបានចូលរួមចំណែកអនុវត្តននូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោក ឆេង ម៉ក់ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យសពយ៉ាងច្រើនកុះករនៅពេលនេះ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសព រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ និងត្រីខកំប៉ុងចំនួន២យួរ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





