កងកម្លាំងនគរបាលខេត្តកំពង់ធំប្ដេជ្ញាចិត្ត និងរង់ចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលចំពោះបញ្ហាព្រំដែនការពារ សន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ
AKP កំពង់ធំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងកងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ បានប្ដេជ្ញាចិត្ត និងរង់ចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលចំពោះបញ្ហាព្រំដែនការពារ សន្តិភាព ឯករាជ្យជាតិ បូរណភាព និងអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានកងកម្លាំងចូលរួមចំនួន៣០០នាក់។

ឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរអរគុណដល់បងប្អូនកងកម្លាំងទូទាំងខេត្តដែលរយៈពេលកន្លងមកនេះចូលរួមយ៉ាងសកម្ម គោរពបទបញ្ជាដែលថ្នាក់ដឹកនាំប្រគល់ជូនអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាភាពសុខក្សេមក្សាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព"។

ឧត្តមសេនីយ៍ទោស្នងការបានដាក់គោលការណ៍៨ចំណុចដល់កងកម្លាំងទាំងអស់ដើម្បីការពារប្រទេសជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព៖ ១. ផែនការងារព្រហ្មទណ្ឌគឺប្រើប្រាស់វិធានការជំនាញ វិធានការច្បាប់បង្ការ ទប់ស្កាត់ បទល្មើស (លួច ឆក់ប្លន់ ឆបោក ក្មេងទំនើង) និងបង្ក្រាបបានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់។ ២. ផែនការងារប្រឆាំងគ្រឿងញៀន ពង្រឹងការអនុវត្តច្បាប់ រួមគ្នាគិតរួមគ្នាធ្វើ ពុះពារព្យាយាម ដោយមានឆន្ទ: មនសិការនិងការលះបង់ខ្ពស់ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានទូទាំងខេត្តឱ្យថយចុះជាបន្តបន្ទាប់។ ៣. ការងារចរាចរណ៍ផ្លូវគោកបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ការធ្វើវេទិកាសាធារណ:គោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាព" និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបញ្ចៀសហានិភ័យ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតមានឡើងលើបងប្អូនប្រជាពលរដ្ឋ។ ៤. ផែនការងារអន្តោប្រវេសន៍ បន្តពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ។ ៥. ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ)។ ៦. ផែនការងារធនធានមនុស្ស ពង្រឹងការគ្រប់គ្រងកងកម្លាំង ការអនុវត្តវិន័យ ការលើកទឹកចិត្ត ការបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងការចាត់បញ្ជូនមន្ត្រីនគរបាល ទៅបណ្ដុះបណ្ដាលតាមគោលការណ៍របស់ថ្នាក់ដឹកនាំ។ ៧. ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យគ្រប់គ្រង ត្រួតពិនិត្យយុទ្ធោបករណ៍ ថែទាំមធ្យោបាយសម្ភារ បច្ចេកទេស ហ្វឹកហាត់បំប៉នជំនាញ ផ្សព្វផ្សាយអំពីច្បាប់និងបន្តចុះចែកលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង បម្រើឱ្យកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ នាគ្រាជួបហេតុការណ៍ ចៃដន្យនិង៨-ផែនការងារអត្តសញ្ញាណកម្ម ធ្វើផែនការ តាមដានត្រួតពិនិត្យពន្លឿនការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ។ ចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៨១ឃុំ-សង្កាត់ ត្រូវពង្រឹងចលនាប្រជាការពារឃុំ-សង្កាត់នីមួយៗ បំផុសចលនាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





