ពលករខ្មែរវិលត្រឡប់ពីថៃសម្តែងការរីករាយចំពោះឱកាសការងារ និងបណ្តុះបណ្តាលជំនាញពីរាជរដ្ឋាភិបាល
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- ក្តីរីករាយបានផុសឡើងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ពលករខ្មែរជាច្រើននាក់ ដែលបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ ពួកគេបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈភ្លាមៗនៅពេលពួកគេបានមកដល់។

គិតត្រឹមម៉ោង៤៖០០ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដទៃទៀត ដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម។ ពួកគេបានផ្តល់ព័ត៌មានយ៉ាងទូលំទូលាយអំពីឱកាសការងារដែលមានស្រាប់ ការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាអត្ថប្រយោជន៍នានាពីប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ។

លោក ផល លីន ពលករម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃ បានសម្តែងក្តីរំភើបថា "ខ្ញុំពិតជាអរគុណរាជរដ្ឋាភិបាលណាស់ ដែលបានយកចិត្តទុកដាក់ដល់ពួកខ្ញុំ។ ខ្ញុំនឹកស្មានមិនដល់ថា មកដល់ស្រុកភ្លាម ខ្ញុំមានឱកាសបានជ្រើសរើសការងារ ឬរៀនជំនាញថ្មីភ្លាមៗបែបនេះទេ។ ពីមុនពេលត្រឡប់មកវិញ ខ្ញុំតែងបារម្ភពីបញ្ហាគ្មានការងារធ្វើ ប៉ុន្តែពេលនេះខ្ញុំមានក្តីសង្ឃឹមឡើងវិញហើយ"។ ចំណែកអ្នកស្រី សុខា អាយុ ៣៥ឆ្នាំ ដែលធ្វើការសំណង់នៅប្រទេសថៃអស់រយៈពេល៥ឆ្នាំ បានថ្លែងទាំងទឹកមុខញញឹមថា "ខ្ញុំចង់រៀនជំនាញកាត់ដេរ ព្រោះខ្ញុំឃើញមានគេត្រូវការច្រើននៅក្បែរផ្ទះខ្ញុំ។ ពេលនេះរដ្ឋាភិបាលបានផ្តល់ឱកាសនេះហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំលែងបារម្ភរឿងត្រូវត្រឡប់ទៅថៃវិញហើយ"។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា "រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសពលកររបស់យើង។ យើងបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការផ្តល់ព័ត៌មាន ជួយសម្របសម្រួលរកការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យបងប្អូនពលករអាចទទួលបានការងារសមរម្យ និងមានជីវភាពល្អប្រសើរនៅមាតុភូមិខ្លួន"។

ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមទៀតថា អាជ្ញាធរខេត្តក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងបន្តខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីធានាថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានការជួយជ្រោមជ្រែងគ្រប់បែបយ៉ាង តាំងពីការចុះឈ្មោះ ការផ្តល់ព័ត៌មាន ការដឹកជញ្ជូនរហូតដល់ការទទួលបានឱកាសការងារ ឬការបណ្តុះបណ្តាលជំនាញសមស្របតាមតម្រូវការរបស់ពួកគេ។ សរុបមក ការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរដែលវិលត្រឡប់មកពីបរទេស បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងជាសញ្ញាណដ៏ល្អប្រសើរមួយដែលបង្ហាញពីការលើកកម្ពស់គុណភាពជីវិត និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
ដោយ ឈុន សារ៉ាត





