លោកជំទាវ ពុំ ចន្ទីនី អញ្ជើញជួបសំណេះសំណាលជាមួយ Mr. Yin Bin Chairman of Guangxi Red Cross Foundation (Guangxi, China)
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការទាក់ទងនឹងគំនិតផ្តួចផ្តើមសប្បុរសធម៌របស់កាកបាទក្រហម ជាមួយ Mr. Yin Bin Chairman of Guangxi Red Cross Foundation (Guangxi, China) នៅទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងកិច្ចពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌រវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមខេត្តស្វយ័តគ័ងស៊ី ក្នុងវិស័យចំនួន៣ រួមមាន៖ ១. កិច្ចសហប្រតិបត្តិការណ៍លើវិស័យសុខាភិបាល ដូចជាការសុំការគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលសង្គ្រោះ និងវេជ្ជសាស្រ្ត ២. ការកសាងប្រព័ន្ធសង្រ្គោះក្នុងទីក្រុងតាមរយៈការផ្តល់ម៉ាស៊ីន AED ដែលសព្វថ្ងៃនៅប្រទេសចិនមានការកើនឡើងយ៉ាងខ្លាំង និង៣. ពង្រឹងការកសាងធនធានមនុស្ស និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យមនុស្សធម៌។

លោកជំទាវអគ្គលេខាធិការបានថែ្លងអំណរគុណចំពោះកាកបាទក្រហមចិន ពិសេសកាកបាទក្រហមខេត្តស្វយ័តគ័ងស៊ី ដែលតែងតែជួយផ្តល់ថវិកានិងសម្ភារគាំទ្រដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា (គម្រោងការកសាងភាពធន់សហគមន៍នៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង និងមុងសុវត្ថិភាពចំនួន២០,០០០មុង)។ លោកជំទាវក៏បានបញ្ជាក់អំពីការព្រមព្រៀងសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមចិន ក្នុងឆ្នាំ២០០២ ឆ្នាំ២០០៦ និងក្នុងឆ្នាំ២០១១ កន្លងមក។

លោកជំទាវអគ្គលេខាធិការបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាមិនពាក់ព័ន្ធលើការព្យាបាលជំងឺទេ កាកបាទក្រហមកម្ពុជារួមចំណែកក្នុងការអប់រំផ្សព្វផ្សាយសុខភាព មាតា ទារក និងកុមារ ក្នុងការកាត់បន្ថយការចម្លងមេរោគអេដស៍ និងការងារសង្រោ្គះបឋម ក្នុងសហគមន៍ សាលារៀន និងគ្រឹះស្ថានអប់រំនានា។

ជាកិច្ចឆ្លើតប Mr. Yin Bin បានថ្លែងអំណរគុណចំពោះលោកជំទាវ ពុំ ចន្ទីនី ដែលបានអនុញ្ញាតឱ្យរូបខ្ញុំបាទ និងក្រុមការងារ បានមកសម្តែងការគួរសម និងពិភាក្សានៅការងារមួយចំនួន។ Mr. Yin Bin បន្ថែមថា សាខាកាកបាទក្រហមខេត្តស្វយ័តគ័ងស៊ីបានចុះកិច្ចអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាខាកាកបាទក្រហមរាជធានីភ្នំពេញលើវិស័យមនុស្សធម៌។ Mr. Yin Bin ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជាដែលបានសហការរយៈពេលកន្លងមកលើវិស័យមនុស្សធម៌ និងបានសន្យាណែនាំសហគ្រិនឯកជននៅខេត្តគ័ងស៊ីមកទស្សនកិច្ចនៅកាកបាទក្រហមកម្ពុជាក្នុងពេលឆាប់ៗនេះ និងសំណូមពរឱ្យមានទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំង២៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





