សិក្ខាសាលាស្តីពី “បរិយាបន្នពិការភាពក្នុងផែនការ និងថវិកានៅថ្នាក់ក្រោមជាតិ” ជូនសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- លោក វ័ន កុយ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងសិក្ខាសាលាស្តីពី “បរិយាបន្នពិការភាពក្នុងផែនការ និងថវិកានៅថ្នាក់ក្រោមជាតិ” ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធ។

ក្នុងអង្គសិក្ខាសាលា លោក វ័ន កុយ បានលើកឡើងថា សិក្ខាសាលានេះមានគោលដៅបន្ស៊ីបរិយាបន្នពិការភាពទៅក្នុងដំណើរការរៀបចំផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានការផ្សព្វផ្សាយសារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន មូលនិធិក្រុង ស្រុក និងមូលនិធិឃុំសង្កាត់ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។

សិក្ខាសាលានេះនឹងផ្តល់ជាធាតុចូលសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត ២០២៦-២០២៨ មន្ទីរជំនាញពាក់ព័ន្ធ និងគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។

ក្នុងពិធីនេះ ក៏មានការចូលរួមជាគណៈអធិបតីពីសំណាក់លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះវិហារ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន សមាជិក សមាជិកា និងអ្នកពាក់ព័ន្ធសរុបចំនួន៦០នាក់ ដោយសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) អង្គការការីតាសកម្ពុជា នៅសាលាខេត្តព្រះវិហារ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





