ឯកឧត្តម អុល រ៉ូ ចូលរួមកិច្ចប្រជុំបច្ចេកទេសដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាង សៀវភៅ ស សង្គមកិច្ច
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាង "សៀវភៅ ស សង្គមកិច្ច" នៅទីស្ដីការក្រសួងសង្គមកិច្ច។

សៀវភៅ ស សង្គមកិច្ច គឺជាមគ្គុទេសក៍ផ្អែកលើភស្តុតាង និងឧត្តមានុវត្តន៍ ដើម្បីរៀបចំគោលនយោបាយជាតិស្តីពីសង្គមកិច្ច ឱ្យមានប្រសិទ្ធភាពនិងអនុវត្តបានជោគជ័យ ឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយគោលបំណងនៃសៀវភៅ ស សង្គមកិច្ចគឺមាន៦ចំណុច៖ ទី១. ការលើកកម្ពស់វិជ្ជាជីវៈសង្គមកិច្ច (អ្នកសង្គមកិច្ច និងសេវាសង្គមកិច្ច) ទី២. ការជួយដោះស្រាយបញ្ហាសង្គមប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទី៣. ការបង្កើនគុណភាពជីវិត និងបំពេញតម្រូវការសុខុមាលភាពតាមវដ្តនៃជីវិតមនុស្ស ទី៤. ការបង្កើនផលិតភាពក្នុងសហគមន៍ ទី៥. ការកំណើនផលិតភាពសេដ្ឋកិច្ចជាតិ និងទី៦. ស្ថិរភាពនយោបាយ។

ក្នុងកិច្ចប្រជុំនេះមានសមាសភាពចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការរង លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរស.អ.យ. តំណាងប្រធានមន្ទីរស.អ.យ. ទាំង ២៥ រាជធានី-ខេត្ត និងលោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ អង្គការសមាគមពាក់ព័ន្ធប្រមាណ ៧០នាក់៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





