រដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២២ នៃការគ្រងព្រះបរមរាជសម្បត្តិ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលខេត្តបន្ទាយមានជ័យ បានថ្វាយព្រះពរជ័យសិរីមង្គលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

តាមរយៈសារលិខិតថ្វាយព្រះពរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវកតញ្ញូតាធម៌ និងក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះអង្គព្រះមហាក្សត្រ ព្រមទាំងបានក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនា និងព្រះពរជ័យគ្រប់ប្រការជូនព្រះអង្គ ក្នុងឱកាសដ៏វិសេសវិសាលនេះ។
សារលិខិតបានបញ្ជាក់ថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ត រដ្ឋបាលខេត្តសូមក្រាបបង្គំថ្វាយព្រះពរព្រះអង្គ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានថ្វាយព្រះពរឱ្យព្រះអង្គបន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ដោយបន្តនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ ព្រះបរមនាម នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រមទាំងព្រះរាជគំរូវីរភាព និងព្រះរាជគុណូបការៈដ៏ធំធេងរបស់ព្រះអង្គចំពោះប្រទេសជាតិ។
ជាមួយគ្នានេះ សារលិខិតក៏បានបង្ហាញនូវសេចក្តីប្រាថ្នាឱ្យមាតុភូមិកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងភាពរុងរឿងជានិរន្តរ៍ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា សុភមង្គល និងជីវភាពកាន់តែប្រសើរឡើង ក្រោមម្លប់នៃព្រះបារមីព្រះមហាក្សត្រ។
ព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាឱកាសដ៏មានអត្ថន័យសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូបក្នុងការបង្ហាញនូវមនោសញ្ចេតនាស្មោះស្ម័គ្រ ការគោរពស្រឡាញ់ និងការដឹងគុណចំពោះអង្គព្រះមហាក្សត្រ ព្រមទាំងការបន្តរួមគ្នាថែរក្សាសាមគ្គីភាពជាតិ សន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ៕
ដោយ៖ឈុនសារ៉ាត





