កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី១ ស្ដីពីគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុននៅកម្ពុជា (JDS) ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦–គណៈកម្មាធិការប្រតិបត្តិនៃគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុននៅកម្ពុជា (JDS) បានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីលោក Yako Yoshito តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំកម្ពុជា និងជាសហប្រធានគណៈកម្មការប្រតិបត្តិនៃគម្រោងអាហារូបករណ៍ JDS ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមានដូចជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលជាសមាជិកគណៈកម្មការប្រតិបត្តិនៃគម្រោងអាហារូបករណ៍ JDS។

កិច្ចប្រជុំប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសហប្រធានគណៈកម្មការប្រតិបត្តិនៃគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុននៅកម្ពុជា (JDS) ក្នុងគោលបំណង ពិនិត្យឡើងវិញ ពិភាក្សា និងកែសម្រួលគោលនយោបាយស្ដីពីគោលដៅ និងការជ្រើសរើសបេក្ខជនសម្រាប់គម្រោងអាហារូបករណ៍ JDS ពិនិត្យក្របខណ្ឌគម្រោង ផែនការអនុវត្ត លក្ខខណ្ឌនៃការចុះឈ្មោះ និងនីតិវិធីនៃការដាក់ពាក្យសម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃគម្រោងអាហារូបករណ៍ JDS វាយតម្លៃនីតិវិធីជ្រើសរើស របៀបរៀបចំការអនុវត្ត និងកាលវិភាគគម្រោងសម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិតគម្រោងអាហារូបករណ៍ JDS។

អង្គប្រជុំបានពិនិត្យ និងកែសម្រួលលើគម្រោងអាហារូបករណ៍ JDS សម្រាប់ថ្នាក់សិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ព្រមទាំងបានពិភាក្សាស៊ីជម្រៅទៅលើលក្ខខណ្ឌនៃការចុះឈ្មោះ ដើម្បីជ្រើសរើសបេក្ខជនដែលស័ក្ដិសម និងមានលទ្ធភាពខ្ពស់អាចក្លាយជាអ្នកដឹកនាំដ៏ល្អសម្រាប់អភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត តាមរយៈឱកាសអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការ ផ្ដល់ការគាំទ្រ និងជំរុញការអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា តាមរយៈកម្មវិធីគម្រោងអាហារូបករណ៍ខាងលើ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





