អភិបាលខេត្តបន្ទាយមានជ័យ ៖ ការផ្តល់ផ្ទះជូនអតីតយុទ្ធជន គឺជាការដឹងគុណចំពោះអ្នកមានគុណបំណាច់ចំពោះជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦--ផ្ទះចំនួន១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងផ្តល់ទីជម្រកសមរម្យដល់គ្រួសារអ្នកមានគុណបំណាច់ចំពោះជាតិ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះការលះបង់របស់អតីតយុទ្ធជន។
ក្នុងពិធីប្រគល់ផ្ទះនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានគូសបញ្ជាក់ថា អតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ដោយបានបំពេញកាតព្វកិច្ចការពារជាតិ ឆ្លងកាត់ការលំបាក និងលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព និងបូរណភាពទឹកដី។ ដូច្នេះ ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន គឺជាការឆ្លើយតបចំពោះគុណបំណាច់ និងការលះបង់របស់ពួកគាត់។

ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ។
ឯកឧត្តមបានលើកឡើងថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងការលំបាករបស់អតីតយុទ្ធជន ព្រមទាំងខិតខំស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយឱ្យពួកគាត់មានលំនៅឋាន និងជីវភាពរស់នៅកាន់តែប្រសើរ។ ការផ្តល់ផ្ទះនាពេលនេះ មិនត្រឹមតែជាការផ្តល់ជូននូវសំណង់លំនៅឋានមួយខ្នងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់នូវភាពកក់ក្តៅ សុវត្ថិភាព និងក្តីសង្ឃឹមសម្រាប់អនាគតរបស់គ្រួសារអតីតយុទ្ធជនផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន មិនគួរត្រូវបានចាត់ទុកថាជាការជួយឧបត្ថម្ភតែមួយលើកនោះឡើយ ប៉ុន្តែគឺជាការបង្ហាញពីការចងចាំ និងការឱ្យតម្លៃចំពោះអ្នកដែលបានបំពេញកាតព្វកិច្ចចំពោះជាតិ។ ការផ្តល់លំនៅឋានសមរម្យ គឺជាមូលដ្ឋានដ៏សំខាន់មួយដែលអាចជួយឱ្យគ្រួសារមានភាពកក់ក្តៅ មានលំនឹងក្នុងការរស់នៅ និងមានលទ្ធភាពបន្តកសាងជីវភាពគ្រួសារទៅមុខ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ឱ្យបន្តថែរក្សាសាមគ្គីភាព ស្រឡាញ់រាប់អានគ្នា គោរពច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីធ្វើឱ្យមណ្ឌលតេជោសន្តិភាព ២២២២ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងការរីកចម្រើនប្រកបដោយចីរភាព។
ស្នាមញញឹម និងក្តីរំភើបរបស់គ្រួសារដែលទទួលបានផ្ទះ បានបង្ហាញពីតម្លៃនៃទីជម្រកដែលពួកគាត់បានរង់ចាំ។ សម្រាប់អតីតយុទ្ធជនទាំងនេះ ផ្ទះថ្មីមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅនោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់នូវភាពកក់ក្តៅ សុវត្ថិភាព និងឱកាសក្នុងការកសាងជីវិតគ្រួសារឱ្យកាន់តែប្រសើរឡើង។
អតីតយុទ្ធជនមួយរូបដែលទទួលបានផ្ទះ បានបង្ហាញក្តីរំភើបថា ការទទួលបានផ្ទះនៅថ្ងៃនេះ គឺជាក្តីស្រមៃដែលគ្រួសាររបស់លោកបានរង់ចាំជាយូរមកហើយ។ លោកបានសម្តែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អំណោយដ៏មានតម្លៃនេះ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងក្រុមការងារពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងរៀបចំដំណើរការចាប់ឆ្នោតប្រកបដោយភាពច្បាស់លាស់។
លោកបានបន្ថែមថា ផ្ទះថ្មីនេះនឹងក្លាយជាទីជម្រកដ៏កក់ក្តៅសម្រាប់សមាជិកគ្រួសារ និងជាកន្លែងដែលកូនចៅអាចចងចាំថា ការលះបង់របស់ឪពុកម្តាយក្នុងការបំពេញកាតព្វកិច្ចចំពោះជាតិ ត្រូវបានសង្គមចងចាំ និងឱ្យតម្លៃ។

ការប្រគល់ផ្ទះបន្ថែមចំនួន១៣ខ្នងនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់លើសុខុមាលភាពរបស់អតីតយុទ្ធជន ដោយផ្តោតលើការផ្តល់ទីជម្រកសមរម្យ និងលើកកម្ពស់ស្ថិរភាពជីវភាពគ្រួសារ។ ទន្ទឹមនឹងនេះ ការបន្តគាំទ្រអតីតយុទ្ធជន ក៏ជាការរំលឹកដល់សង្គមឱ្យចងចាំពីគុណបំណាច់ និងការលះបង់របស់អ្នកដែលបានបំពេញភារកិច្ចការពារជាតិមាតុភូមិផងដែរ៕
ដោយ៖ឈុនសារ៉ាត





