រដ្ឋលេខាធិការក្រសួងរៀបចំដែនដីជម្រុញឱ្យអាជ្ញាធរ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន
AKP កណ្ដាល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីបានជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធឱ្យចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីបានជម្រុញដូចនេះ នៅក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ ខេត្តកណ្ដាល បានប្រកាសបញ្ចប់យុទ្ធនាការ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទូទាំងខេត្ត រួចហើយ ដូចនេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ សូមខិតខំ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន ដែលបច្ចុប្បន្ន កំពុងអនុវត្តនៅការិយាល័យច្រកចេញ-ចូលតែមួយក្រុង ស្រុកទាំង១៣ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ដោយផ្អែកលើគោលការណ៍ ឈ្នះ-ឈ្នះ ផ្សះផ្សា បង្រួបបង្រួម ស្មោះត្រង់ និងឯកភាពគ្នា ប្រកបដោយ សច្ចធម៌ គុណធម៌ និងយុត្តិធម៌ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ខិតខំធ្វើប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដីនៅក្រុង/ស្រុកទាំង១៣ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធិភាព។ ត្រូវគ្រប់គ្រងសំណង់ ទប់ស្កាត់សំណង់សាងសង់គ្មានលិខិតអនុញ្ញាត សំណង់សាងសង់ខុសលិខិតអនុញ្ញាត និងជម្រុញអនុវត្តការងារលំនៅឋាន បន្តចងក្រង និងប្រមូលទិន្នន័យ សំណង់បណ្តោះអាសន្នលើដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព។ ខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការបានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលផ្តោតលើការធ្វើកំណែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជម្រុញ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំនូវផែនទីឯកភាពការងារ ដោយបានកំណត់នូវទិសដៅការងារមួយ ចំនួន៧ យ៉ាងច្បាស់លាស់ ធានាបាននូវសន្តិសុខនយោបាយ សន្តិសុខនិងសុវត្ថិភាពសេដ្ឋកិច្ច ផ្តល់ទំនុក ចិត្ត និងការជឿជាក់លើកម្ពុជា កម្ពុជា រួមមាន÷ ការរៀបចំផ្ទះសំបែងឱ្យបានរៀបរយ។ ការបង្កើតនូវបរិយាកាសគ្មានវិវាទ។ ការងាររៀបចំដែនដី និងនគរូបនីយកម្ម។ កិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច។ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។ ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ កម្ពុជារុងរឿង ដង្ហើមសេដ្ឋកិច្ច។

ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី រាជការ និងបុគ្គលិកទាំងអស់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងរៀបចំ និងបំពេញភារកិច្ចយ៉ាងសកម្ម ទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់កន្លង មកនេះ ជាក់ស្តែងលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលយើងបានប្រកាសបញ្ចប់យុទ្ធនាការ ទូទាំងខេត្ត នាខែកក្កដាកន្លងមក។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ គាំទ្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសហការ ជាមួយក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ចីរភាព ដែលជាផ្នែកមួយនៃការអនុវត្ត គោលនយោបាយយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លីប្រកបដោយជោគជ័យ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





