ពលករ និងសហគមន៍ខ្មែរជាង ២៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ២ ៥០០ (ពីរពាន់ប្រាំរយ) នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផាក គូនថែក សមាជិកសភាជាតិកូរ៉េ សមាជិកក្រុមប្រឹក្សាក្រុង ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កម្មវិធីនេះ រៀបចំឡើងដោយសហគមន៍កម្ពុជាឆុនណាំក្វាងជូ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វីរកងទ័ពកម្ពុជាដែលបានពលី និងអ្នកដែលបានចែកឋានទៅ ព្រមទាំងបង្កើតបរិយាកាសនៃការជួបជុំសាមគ្គីរវាងបងប្អូនខ្មែរនៅក្រៅប្រទេស។

វត្តមានដ៏ច្រើនកុះកររបស់បងប្អូនខ្មែរ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ក៏បានបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញា ណ វប្បធម៌ និងប្រពៃណីខ្មែរ ទោះបីកំពុងរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ ព្រមទាំងជួយពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណា ក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសហគមន៍ និងបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹក ចិត្តឱ្យបងប្អូនពលករខ្មែរបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌រស់នៅរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីរួមគ្នាថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាតិខ្មែរ៕

ដោយ៖ ប៊ុនរិទ្ធ





