ក្រសួងការងារប្រកាសឱ្យកម្មករឈប់ សម្រាកឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាង មុខនេះ រយៈពេល ៣ (បី) ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៦---
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈបានប្រកាសឱ្យកម្មករនិយោគជិតឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំ បិណ្ឌខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការអនុ វត្តការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូន ដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាស លេខ២១៦/២៥ ក.ប/ប្រ. ក.អ.ធ.ក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៦ សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់ សម្រាកដោយមានប្រាក់ ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាង មុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី ១០-១១-១២ ខែតុលា ឆ្នាំ២០២៦ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិតត្រូវទទួលបាន ឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។

ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហ គ្រាស ក្រុមហ៊ុន រោងចក្រដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុ សញ្ញារួមដែលត្រូវបានចុះបញ្ជី នៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់ សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២១៦/២៥ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។
ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាក ទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា។


ក្រសួងបានលើកឡើងថាប្រសិនបើការផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការ អាជីវកម្មរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រនិងតំណាងកម្មករ និយោជិតអាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះ ដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។
ក្រសួងបានលើកឡើងទៀតថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទ នីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ៕
ដោយ៖ ប៊ុនរិទ្ធ





