ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និង EducationUSA រៀបចំពិព័រណ៍ការសិក្សាសហរដ្ឋអាមេរិក ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--សាកលវិទ្យាល័យ និងមហាវិទ្យាល័យឈានមុខគេរបស់សហរដ្ឋអាមេរិកចំនួន ១៣ស្ថាប័ន បានចូលរួមក្នុងការតាំងពិព័រណ៍ការសិក្សាសហរដ្ឋអាមេរិក ឆ្នាំ២០២៦ នៅកម្ពុជា ក្រោមការរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និង EducationUSA ដើម្បីផ្ដល់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា លក្ខខណ្ឌចូលរៀន និងឱកាសអាហារូបករណ៍នៅសហរដ្ឋអាមេរិក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនៃការចូលរួមការតាំងពិព័រណ៍នេះកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះការរៀបចំពិព័រណ៍ការសិក្សាសហរដ្ឋអាមេរិក ឆ្នាំ២០២៦ ក្រោមគោលបំណងជួយតម្រង់ទិសដល់យុវជន ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមាតាបិតាសិស្សឱ្យស្វែងយល់ពីជម្រើសនៃការសិក្សា និងចាប់យកឱកាសថ្មីៗនៅសហរដ្ឋអាមេរិក ខណៈចំនួននិស្សិតកម្ពុជាដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកក៏មានការកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍កាន់តែខ្លាំងលើការអប់រំនៅសហរដ្ឋអាមេរិករបស់យុវជនកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និង EducationUSA ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ដោយបានគូសបញ្ជាក់ថា ការវិនិយោគលើការអប់រំ គឺជាការវិនិយោគសម្រាប់អនាគតនៃប្រជាជាតិទាំងមូល ហើយការអប់រំគឺមានឥទ្ធិពលអាចផ្លាស់ប្ដូរជីវិតរបស់យុវជនបានយ៉ាងពិតប្រាកដ។ ការអប់រំមិនត្រឹមតែផ្ដោតលើការផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជួយបណ្ដុះនូវបំណិនការគិតវិភាគ និងការដោះស្រាយបញ្ហាសង្គមជាដើម ដែលគ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាមេរិកមានសមត្ថភាពពេញលេញក្នុងការផ្ដល់នូវចំណេះដឹង និងបំណិនទាំងនេះដល់និស្សិត។

ឯកឧត្តមបានលើកឡើងពីភាពសម្បូរបែបនៃជម្រើសសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ដោយសាកលវិទ្យាល័យនីមួយៗមានលក្ខខណ្ឌតម្រូវ និងទម្រង់នៃការអប់រំខុសៗគ្នា។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្សឱ្យធ្វើការសម្រេចចិត្តជ្រើសរើសដោយភាពឆ្លាតវៃ មិនត្រូវមើលត្រឹមតែភាពល្បីល្បាញរបស់សាកលវិទ្យាល័យប៉ុណ្ណោះទេ គឺត្រូវស្វែងរកគ្រឹះស្ថានសិក្សាណាដែលស័ក្តិសមបំផុតទៅនឹងគោលដៅ និងចំណង់ចំណូលចិត្តរបស់ខ្លួន ព្រមទាំងស្ថានភាពជាក់ស្ដែង កម្មវិធីសិក្សា និងរបៀបនៃការរៀនសូត្រ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





