ក្រសួងវប្បធម៌បើកមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបើក «មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះទៅ ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌បានឱ្យដឹងថា មហោស្រពនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ចង្កឹះមួយបាច់» ដែលមានអត្ថន័យជាសាររំលឹក និងលើកទឹកចិត្តដល់ជនរួមជាតិឱ្យយល់ដឹង និងចូលរួមលើកតម្កើងតម្លៃនៃសាមគ្គីភាព ការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជំនះរាល់ឧបសគ្គ និងឆ្ពោះទៅសម្រេចបាននូវគោលដៅរួម។

ក្រសួងវប្បធម៌បានឱ្យដឹងដែរថា មហោស្រពនេះមិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញសមត្ថភាព និងទេពកោសល្យរបស់សិល្បករ និងសិល្បការិនីក្នុងវិស័យល្ខោននិយាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍសិល្បៈល្ខោននិយាយ ឱ្យកាន់តែមានភាពរស់រវើក និងបន្តរីកចម្រើនទៅមុខ៕


ដោយ៖ មករា





