ឯកឧត្តមបណ្ឌិត សួង ណយ លើកទឹកចិត្តកសិករម្ចាស់វារីវប្បកម្មត្រូវសិក្សាបច្ចេកទេសឱ្យបានច្បាស់លាស់ដើម្បីធានានូវផលិតភាពនិងប្រាក់ចំណេញ
AKP កំពង់ធំ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានលើកទឹកចិត្តកសិករម្ចាស់វារីវប្បកម្មត្រូវសិក្សាបច្ចេកទេសឱ្យបានច្បាស់លាស់ដើម្បីធានានូវផលិតភាព និងប្រាក់ចំណេញ។
ឯកឧត្តមបណ្ឌិត សួង ណយ បានលើកឡើងបែបនេះនៅក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវេទិកាពិគ្រោះយោបល់ស្ដីពីដំណោះស្រាយហិរញ្ញគាំទ្រខ្សែច្រវ៉ាក់តម្លៃវារីវប្បកម្ម បសុវប្បកម្ម ការកែច្នៃ និងវិស័យដំឡូងមីនៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុតក្នុងការជំរុញការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរនៅក្នុងខេត្តកំពង់ធំ កសិករដែលជាម្ចាស់វារីវប្បកម្ម បសុវប្បកម្ម ការកែវច្នៃ និងវិស័យដំឡូងមី ត្រូវតែមានជំនាញរឹងនិងជំនាញទន់ទាំងបច្ចេកទេសដាំដុះ ថែទាំ ការចិញ្ចឹម ប្រមូលផលការកែច្នៃ វេចខ្ចប់ ជាពិសេសមូលធនហិរញ្ញវត្ថុ។ ដើម្បីឱ្យដំណើរការអាជីវកម្មរបស់ខ្លួនប្រព្រឹត្តទៅប្រកបដោយភាពរឹងមាំ រលូន ម្ចាស់ទាំងអស់ត្រូវមានភាព ភាពរឹងមាំ ប្រាកដប្រជា ដើម្បីស្រូបយកនូវ ការឧបត្ថម្ភគាំទ្រផ្នែកដើមទុនបច្ចេកទេសពីដៃគូអភិវឌ្ឍនានាដៃគូផលិតកម្មនិងទីផ្សារ។

ឯកឧត្តមបណ្ឌិតបន្ថែមថា កិច្ចការនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ និងជាគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលរាជដែលបានជួយជ្រោមជ្រែងផ្នែកគោលនយោបាយហើយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗជួយជ្រោមជ្រែងបច្ចេកទេស និងដើមទុន ធនាគារដៃគូជាមួយនឹងកម្ចីអត្រាការប្រាក់ទាប។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានជំរុញការចងក្រងក្រុមផលិតរបស់សហគមន៍ទាំងមូលនៅក្នុងស្រុកស្ទោងបានច្បាស់លាស់មានភាពធន រួមទាំងបរិមាណគុណភាព អនាម័យ និងតម្លៃសមរម្យថែមទៀតដើម្បីធានាបាននូវការគាំទ្រពីសហគមន៍ និងអ្នកទទួលទិញទីផ្សារក្នុងស្រុកនិងក្រៅប្រទេស។

សូមបញ្ជាក់ថា សហគមន៍កសិកម្មនៅក្នុងស្រុកស្ទោងមានចំនួន១២សហគមន៍គ្រប់បណ្ដប់លើប្រជាពលរដ្ឋប្រមាណជាង៧០០០គ្រួសារ និងមានដើមទុនសរុប៧៥ម៉ឺនដុល្លារអាមេរិក៕

ដោយ ស៊ុម វណ្ណា





