ពិធីតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នាយទាហានរងរបស់ទីបញ្ជាការយោធភូមិភាគទី១
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ ចន ចាយមេបញ្ជាការរង តំណាងឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ អញ្ជើញជាអធិបតីក្នុងពិធីតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរងរបស់ទីបញ្ជាការយោធភូមិភាគទី១ ចំនួន១១៦នាក់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ ចន ចាយ បានថ្លែងកោតសរសើរចំពោះយោធិនយើងដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន សម្រេចបានយ៉ាងល្អតាមបទបញ្ជារបស់ថ្នាក់លើ និងបានមានមតិផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ដែលត្រូវបានតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរសក្តិថា៖ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ។
គោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់។ ចូលរួមហាត់ហ្វឹកហ្វឺន លើកកម្ពស់សមត្ថភាពប្រយុទ្ធ កសាងស្នាដៃជូនបុគ្គល និងអង្គភាព។ ពង្រឹង និងពង្រីក សាមគ្គីភាពរឹងមាំ រវាងមិត្តរួមអាវុធ។ ពង្រឹងសាមគ្គីភាពរវាងកងទ័ព និង ប្រជាពលរដ្ឋ ជុំវិញមូលដ្ឋានដែលអង្គភាពឈរជើង។

ចូលរួមយ៉ាងសកម្មក្នុងចលនាបង្កបង្កើនផលលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព យកចិត្តទុកដាក់កសាងអង្គភាពឱ្យមានភាពរឹងមាំខ្លាំងក្លា។ គ្រប់គ្រងថែរក្សាសម្ភារៈសឹក ដែលបានបំពាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ចៀសវាងការប្រព្រឹត្តនៅបទល្មើសនានាដែលផ្ទុយ និងច្បាប់រដ្ឋ ជាពិសេសត្រូវចៀសវាងដាច់ខាតចំពោះគ្រឿងញៀន៕

ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





