ឆ្នាំ២០២៧ កម្មករ ទទួលបានប្រាក់ឈ្នួលសរុបទាបបំផុត ២៣១,៥ដុល្លារក្នុងម្នាក់ ដោយមិនទាន់គិតប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗបន្ថែម
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--នៅឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំ ណើរនិងកាបូប នឹងទទួលបានប្រាក់ ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ ឈ្នួលអប្បបរមា២១២ដុល្លារ ប្រាក់រង្វាន់ធ្វើការទៀងទាត់១០ដុល្លារ និងប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ៩,៥ដុល្លារ។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បងប្អូនកម្មករនឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ ដោយមិនទាន់រាប់បញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងទៀត ដូចជា ប្រាក់ថ្លៃអាហារចំនួន២ ០០០រៀល ពេលធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់ឧបត្ថម្ភជំនាញដែលនឹងទទួលបានជារៀងរាល់ខែ ចាប់ពីឆ្នាំទី២ទៅផងដែរ។

បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតដែលមានអតីតភាពការងារលើសពី១ឆ្នាំ ក៏ទទួលបានប្រាក់រង្វាន់អតីតភាពការងារចាប់ពី២ដុល្លារ ដល់១១ដុល្លារក្នុងមួយខែ អាស្រ័យលើរយៈពេលបម្រើការងារ។ បើគិតបញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងទៀតនោះ ជាមធ្យម បងប្អូនកម្មករនឹងទទួលបានចំណូលជាង៣០០ដុល្លារក្នុងម្នាក់ក្នុងមួយខែ។
គួររំឭកថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២១២ដុល្លារ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ តួលេខនេះត្រូវបានកំណត់ក្រោយកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមចំនួន២ដុល្លារលើតួលេខ២១០ដុល្លារ ដែលទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោត៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





