រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះ វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូត»
AKPភ្នំពេញថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦– រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះ វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូត» ថាបានបង្កើតនូវបណ្តាញទំនាក់ទំនងការងារ យ៉ាងជិតស្និទ្ធរវាងមន្ត្រីជំនាញតាមអង្គភាព និងបានពង្រឹងសមត្ថភាពមន្ត្រីឱ្យក្លាយជាសេនាធិការជួរមុខ ប្រកបដោយវិជ្ជាជីវៈ និងភាពម្ចាស់ការលើការងារទំនាក់ទំនងអន្តរជាតិ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូត» នាល្ងាចថ្ងៃទី១៦ ខែកញ្ញានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការគូសបញ្ជាក់ថា ការទូតព័ត៌មាន ពិតជាបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងអង្គភាពសារព័ត៌មាន ដែលដើរតួរជាអ្នកផ្សព្វផ្សាយ និងបានបង្កើតនូវបណ្តាញទំនាក់ទំនងការងារ យ៉ាងជិតស្និទ្ធរវាងមន្ត្រីជំនាញតាមអង្គភាព និងបានពង្រឹងសមត្ថភាពមន្ត្រីឱ្យក្លាយជាសេនាធិការជួរមុខ ប្រកបដោយវិជ្ជាជីវៈ និងភាពម្ចាស់ការលើការងារទំនាក់ទំនងអន្តរជាតិ។


ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទដែលទំនាក់ទំនងអន្តរជាតិកាន់តែមានភាពស្មុគស្មាញ និងបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការងារព័ត៌មានមិនអាចកំណត់ត្រឹមតែការផលិត និងផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាពប្រើប្រាស់ព័ត៌មានជាឧបករណ៍សម្រាប់ការទំនាក់ទំនង ការកសាងការយល់ដឹង និងការពង្រឹងទំនាក់ទំនងជាមួយសាធារណជនអន្តរជាតិ។
ក្នុងន័យនេះ «ការទូតព័ត៌មាន» មានសារៈសំខាន់កាន់តែខ្លាំងឡើង ដោយអាចចូលរួមផ្សព្វផ្សាយព័ត៌មានពិតប្រាកដអំពីស្ថានភាព សក្តានុពល សមិទ្ធផល និងអាទិភាពរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ ព្រមទាំងជួយបង្កើនការយល់ដឹង និងការផ្លាស់ប្តូរទស្សនៈរវាងកម្ពុជា និងប្រទេសដៃគូ។

លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានលើកឡើងថា «វគ្គបណ្តុះបណ្តាលស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូត» រយៈ ពេល ០២ ថ្ងៃនេះ ត្រូវបានបញ្ចប់ទៅដោយជោគជ័យត្រចះត្រចង់ ស្របតាមគោលបំណង និងលទ្ធផល រំពឹងទុកដែលបានកំណត់ក្នុងឯកសារទស្សនទាន។ វគ្គនេះបានបង្កើតនូវបណ្តាញទំនាក់ទំនងការងារ យ៉ាងជិតស្និទ្ធរវាងមន្ត្រីជំនាញតាមអង្គភាព និងបានពង្រឹងសមត្ថភាពមន្ត្រីឱ្យក្លាយជាសេនាធិការជួរមុខ ប្រកបដោយវិជ្ជាជីវៈ និងភាពម្ចាស់ការលើការងារទំនាក់ទំនងអន្តរជាតិ។

លោកជំទាវបញ្ជាក់ថា ផ្អែកលើជោគជ័យនេះ អគ្គលេខាធិការដ្ឋាន នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដូច ជា «កិច្ចការពិធីការ បដិសណ្ឋារកិច្ច និងមន្ត្រីសម្របសម្រួល (LIAISON OFFICER)» ក្នុងត្រីមាសបន្ត បន្ទាប់ តាមផែនការដែលបានកំណត់។


គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានមន្ត្រីរាជការចំនួន ៨២រូប ចូលរួមសិក្សា ដែលមានមុខតំណែងចាប់ពីមន្ត្រី រហូតដល់អគ្គនាយករង និងអគ្គលេខាធិការរង មកពីខុទ្ទកាល័យ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពទាំង៣ ចំណុះក្រសួងព័ត៌មាន៕
ដោយ៖ ចរិយា





