អភិបាលខេត្តកំពង់ស្ពឺបន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្ត
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- គណៈប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន - ហួយហ្វា (Huaihua) នៅទីក្រុងណាននីង (Nanning city) តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញថ្លែងសន្ទរកថា អំពីសក្តានុពលខេត្តកំពង់ស្ពឺ ជូនដល់ក្រុមអ្នកវិនិយោគជាច្រើននាក់ ដើម្បីជាមូលដ្ឋានក្នុងការពិចារណាទៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ក្នុងពិធីកិច្ចសសហប្រត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ហួយហ្វាថា បច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ ហើយគម្រោងវិនិយោគទាំងនេះ បានបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកឱពង់ស្ពឺបានយ៉ាងច្រើន ហើយបច្ចុប្បន្ន ក៏មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់ពាក្យស្នើសុំចូលមកបណ្ដាក់ទុនបន្ថែមទៀតផងដែរ។


ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺបានថ្លែងបន្តថា មូលហេតុដែលខេត្តកំពង់ស្ពឺទទួលបានក្រុមអ្នកវិនិយោគចូលមកបណ្ដាក់ទុនច្រើន ដោយសារតែខេត្តនេះមានសក្ដានុពលជាច្រើនលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ស្មោះត្រង់ស្លូតបូត មានភាពឆ្លាតវៃ ជាពិសេសអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ជួយសម្រប សម្រួលគ្រប់បែបយ៉ាង ជូនអ្នកវិនិយោគទុន និងធានាបានសុខសុវត្ថិភាព សម្រាប់អ្នកវិនិយោគ។ ឆ្លើយតបទៅនឹងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក្រុមអ្នកវិនិយោគចិន ក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចង់មកបង្កើតក្រុមហ៊ុន និងរោងចក្រក្នុងពេលឆាប់ៗនេះ ហើយក្រុមអ្នកវិនិយោគចិននឹងកៀរគរក្រុមអ្នកវិនិយោគចិន ដែលជាដៃគូសហការនៅប្រទេសចិន ឱ្យមកទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីចូលមកបណ្ដាក់ទុនឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ៕


ដោយ៖ ម៉ែន ប៊ុនធីម





