ប្រមុខការទូតកម្ពុជា បញ្ជាក់អំពីគោលបំណងរបស់កម្ពុជា ក្នុងការផ្ដើមគំនិតឱ្យមានដំណើរការផ្សះផ្សា ដើម្បីឱ្យមានយន្តការមួយជំនួសយន្តការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ --
ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អំពីគោលបំណងរបស់កម្ពុជា ក្នុងការផ្ដើមគំនិតឱ្យមានដំណើរការផ្សះផ្សាថា ដើម្បីឱ្យមានយន្តការមួយជំនួសយន្តការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដែលមានពីមុនមកក្រោមអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU 2001) ដែលថៃ បានលុបជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានវិលត្រឡប់អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ រវាងគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងភាគីកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបញ្ជាក់ឱ្យដឹងថា ការលុបជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ដោយភាគីថៃ បានធ្វើឱ្យកម្ពុជា និងថៃ អស់មានយន្តការណាមួយដើម្បីដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់ចំពោះជម្លោះរវាងព្រំដែននៃប្រទេសយើងទាំងពីរ ជាពិសេសព្រំដែនសមុទ្រនេះទៀតហើយ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «ចំពោះគោលដៅដែលកម្ពុជា ចង់បាននោះ គឺយើងបានថ្លែងប្រាប់ទៅគណៈកម្មការសម្របសម្រួល ក៏ដូចជាមានវត្តមានរបស់ភាគីខាងប្រទេសថៃក្នុងកិច្ចប្រជុំនេះដែរនោះ គឺមាន៣ជម្រើស ទៅតាមដំណាក់កាលនីមួយៗ ដោយទី១. យើងនឹងខិតខំស្វែងរកឱ្យមានកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាណាមួយតាមគំរូរបស់ទីម័រឡេស្តេ ពាក់ព័ន្ធទៅនឹងការកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងថៃ ដោយមានការជួយគាំទ្រ និងជួយសម្របសម្រួលពីគណៈកម្មការសម្របសម្រួលនេះឯង និងផ្អែកលើច្បាប់អន្តរជាតិ។ ទី២. ក្នុងករណីដែលកិច្ចព្រមព្រៀងបែបនេះមិនទាន់ធ្វើទៅបាន ឬមិនអាចរកទៅបាន គឺភាគីទាំងពីរនឹងខិតខំស្វែងរកនូវការព្រមព្រៀងគ្នាមួយ ដើម្បីធ្វើការអភិវឌ្ឍរួម ហើយនឹងចែកផលប្រយោជន៍ឱ្យសមធម៌រវាងភាគីទាំងពីរ ដែលកើតចេញពីការធ្វើអាជីវកម្មធនធានក្រោមបាតសមុទ្រ ធ្វើនេះគឺធ្វើដោយស្មារតីសហប្រតិបត្តិការ និងដោយការគោរពគ្នាទៅវិញទៅមក។ ទី៣. ក្នុងករណីទាំងការព្រមព្រៀងទៅលើខ្សែបន្ទាត់ព្រំដែនសមុទ្រមិនអាចសម្រេចបាន ទាំងការព្រមព្រៀងគ្នាទៅធ្វើអាជីវកម្មរួមជាមួយគ្នាមិនអាចសម្រេចបាន គឺកម្ពុជា នឹងស្នើសុំទៅគណៈកម្មការសម្របសម្រួល ដើម្បីឱ្យតាក់តែងជារបាយការណ៍មួយពាក់ព័ន្ធនឹងដំណើរការនៃការសម្របសម្រួលទាំងមូលនេះ និងផ្តល់អនុសាសន៍របស់គណៈកម្មការ ជាអនុសាសន៍ដែលនឹងចង្អុលបង្ហាញថា មធ្យោបាយល្អបំផុតសម្រាប់ប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នានោះ គឺមានបែបនេះ ឬបែបណានោះ។»
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «យើងនឹងយកអនុសាសន៍នេះ ដើម្បីបន្តចរចាជាមួយគ្នា និងជាផលប្រយោជន៍ក្នុងការស្វែងរកដំណោះស្រាយមួយដែលមានភាពសមធម៌សម្រាប់ប្រទេសទាំងពីរ ហើយស្របទៅតាមកាតព្វកិច្ចដែលប្រទេសយើងទាំងពីរ កម្ពុជា-ថៃ ជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS)»។

សូមជម្រាបជូនថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នឹងជួបប្រជុំជាមួយភាគីកម្ពុជា និងថៃ ជាលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅខែតុលាខាងមុខនេះ រួមនឹងកិច្ចប្រជុំជាបន្តបន្ទាប់ជាច្រើនលើកទៀត ផងដែរ៕
ដោយ៖ ចាន់ សុភឿន





