រដ្ឋមន្រ្ដីការបរទេសកម្ពុជា លើកឡើងថា កម្ពុជា មានសុឆន្ទៈ និងការប្តេជ្ញាចិត្តនៅក្នុងការធ្វើការងារជិតស្និទ្ធជាមួយគណៈកម្មការផ្សះផ្សា ដោយធ្វើក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពស្មោះត្រង់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានថ្លែងថា ក្នុងនាមជាប្រទេសដែលបានស្នើ និងផ្ដើមគំនិតនូវការផ្សះផ្សាដ៏សំខាន់ កម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ប្រកបដោយសុឆន្ទៈ និងការប្តេជ្ញាចិត្តនៅក្នុងការធ្វើការងារជិតស្និទ្ធជាមួយគណៈកម្មការផ្សះផ្សា ដោយធ្វើក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពស្មោះត្រង់ ហើយយើងមានបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងអាចទទួលយកបាន។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានវិលត្រឡប់អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ រវាងគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងភាគីកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងមានទំនុកចិត្តខ្ពស់លើគណៈកម្មការនេះ ដែលមានទាំងសមត្ថភាពខ្ពស់ បទពិសោធន៍ជ្រាលជ្រៅ និងភាពមិនលម្អៀង ដែលគណៈកម្មការ នេះបានបង្ហាញនៅក្នុងរយៈពេលដែលខ្លួនបានធ្វើអាជីពការងារនេះរាប់សិបឆ្នាំមកហើយ។ គណៈកម្មការនេះមានសមាជិក ៥រូប ដែលក្នុងចំណោមនេះគឺមានទាំងអ្នកច្បាប់ល្បីៗជាសមាជិកបរទេស ដែលមានបទពិសោធន៍ខាងផ្លូវច្បាប់ខ្ពស់ មានបទពិសោធន៍ជ្រាលជ្រៅខាងការទូត»។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា នៅក្នុងចំណោម ៥រូបនេះ គឺមាន ៣រូប ដែលធ្លាប់ប្រឡូកនៅក្នុងករណីដំបូងបំផុតនៃកិច្ចការសម្រុះសម្រួលដោយបង្ខំនេះ គឺក្នុងករណីជម្លោះព្រំដែនសមុទ្ររវាងទីម័រខាងកើត និងអូស្ត្រាលី។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «អ្វីដែលជាការលើកទឹកចិត្តសម្រាប់យើង គឺនៅក្នុងដំណើរការលើកទី១នេះ ប្រទេសទីម័រខាងកើត និងអូស្ត្រាលី បានឈានទៅដល់សន្ធិសញ្ញាមួយដោះស្រាយបញ្ហាសមុទ្រជាមួយគ្នា។ នេះជាការលើកទឹកចិត្តសម្រាប់យើង ហើយម្យ៉ាងទៀតគណៈកម្មការនេះ គឺមានការពេញចិត្តខ្លាំង ដោយអរគុណចំពោះការណ៍ដែលភាគីទាំងពីរ កម្ពុជា និងថៃ បានផ្ដល់ទំនុកចិត្តទៅលើគណៈកម្មការ»។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានរំលេចផងដែរថា គណៈកម្មការក៏បានបង្ហាញឱ្យឃើញអំពីសុឆន្ទៈនៅក្នុងការជំរុញដំណើរការផ្សះផ្សានេះឱ្យបានលឿន ខណៈដែលការរៀបចំឱ្យមានកម្មវិធីកិច្ចប្រជុំនេះ រហូតទៅដល់ ៧កិច្ចប្រជុំ គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងភាពហ្មត់ចត់នៅក្នុងការបំពេញការងាររបស់គណៈកម្មការថា យ៉ាងណានោះ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានឱ្យដឹងទៀតថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ចប្រជុំជាមួយភាគីកម្ពុជា និងថៃ ចប់ជាលើកទី១ ហើយយើងចាប់ផ្តើមរៀបចំកិច្ចប្រជុំលើកទី២ ដែលនឹងត្រូវធ្វើនៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ខាងមុខ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមទៀតថា កន្លងទៅក្រុមការងាររបស់កម្ពុជា បានធ្វើការរៀបចំប្រុងប្រៀបសម្រាប់កិច្ចប្រជុំលើកទី១ ដែលបានបញ្ចប់ទៅនេះ ដោយភាពហ្មត់ចត់បំផុតចាប់តាំងពីកម្ពុជា បានសម្រេចចិត្តផ្ដើមគំនិតពាក់ព័ន្ធទៅនឹងដំណើរការផ្សះផ្សានេះ៕
ដោយ៖ ចាន់ សុភឿន





