ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីសំណង់»
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ក្រសួងយុត្តិធម៌ និងភាគី ដែលសុទ្ធសឹងជាមន្រ្តីជំនាញ ពាក់ព័ន្ធបានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីសំណង់» នៅទីស្តីការគណ:រដ្ឋមន្ត្រី។

ក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្នុងពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាប្រធានក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្ដម នៅ ប៉ោនន័រ អនុប្រធាន និងជាប្រធានក្រុមទី១នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ក្រៅពីនេះក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ប្រភពខាងលើនេះបានបញ្ជាក់ដែរថា កិច្ចប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់លើទិដ្ឋភាពច្បាប់ នយោបាយ និងទិដ្ឋភាពទូទៅពាក់ព័ន្ធនឹងសេចក្តីព្រាងអនុក្រឹត្យនេះ។ ក្នុងនេះក៏បាន ឯកភាពកែសម្រួលលើទម្រង់ ពាក្យពេចន៍ និងខ្លឹមសារមួយចំនួននៃសេចក្ដីព្រាងអនុក្រឹត្យនេះដល់ត្រឹមមាត្រា៧។ ដោយឡែកសម្រាប់ការរៀបចំកិច្ចប្រជុំ មន្រ្តីជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យនេះដែរ នឹងត្រូវជូនដំណឹង នាពេលក្រោយទៀត៕

ដោយ៖ មករា





