ឥណ្ឌូណេស៊ីស្វែងរកអ្នកបាត់ខ្លួន ៨នាក់ នៅសមុទ្រក្បែរភ្នំភ្លើងអាណាក់ ក្រាកាតូ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី បានស្វែងរកមនុស្សប្រាំបីនាក់ដែលបានបាត់ខ្លួននៅសមុទ្រ ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់កោះភ្នំភ្លើងមួយ ដើម្បីរាយការណ៍អំពីការផ្ទុះនៅទីនោះ។ នេះបើយោងតាមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ។
ដំបូងឡើយ ភ្នំភ្លើងអាណាក់ ក្រាកាតូ បានផ្ទុះឡើងប្រហែល ២៥ម៉ោងកាលពីចុងសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក វាបានបន្តផ្ទុះឡើងជាបន្តបន្ទាប់ជាមួយនឹងការផ្ទុះដែលបញ្ចេញកម្អែល ផេះ និងសារធាតុភ្នំភ្លើងដ៏ក្តៅគគុកចេញពីរណ្ដៅភ្នំភ្លើង។ នេះបើយោងតាមទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។
លោក អាល់ អាំរ៉ាដ ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្តបាន់ទែន បាននិយាយថា ទូកល្បឿនលឿនមួយគ្រឿងដែលដឹកអ្នកកាសែតថតរូបចំនួនប្រាំនាក់ សមាជិកនាវិកពីរនាក់ និងអ្នកណែនាំផ្លូវម្នាក់បានបាត់បង់ទំនាក់ទំនង បន្ទាប់ពីចាកចេញពីការីតា ដែលជាទីក្រុងឆ្នេរសមុទ្រមួយក្នុងខេត្តបាន់ទែន ទៅកាន់កោះភ្នំភ្លើងនោះ។
លោកបាននិយាយថា សារចុងក្រោយពីទូកត្រូវបានទទួលដោយសាច់ញាតិរបស់អ្នកកាសែតម្នាក់ដែលនៅលើទូកនោះ នៅវេលាម៉ោ ០៦:១៣នាទីល្ងាចថ្ងៃចន្ទ ដោយគេបាននិយាយថា ក្រុមនេះបានទៅដល់ក្នុងដែនទឹកជុំវិញភ្នំភ្លើងអាណាក់ ក្រាកាតូ។ ពួកគេមិនបានទាក់ទងទៅទៀតទេចាប់តាំងពីពេលនោះមក។
អ្នកកាសែតឥណ្ឌូណេស៊ីទាំងប្រាំនាក់នោះ ធ្វើការឱ្យទីភ្នាក់ងារព័ត៌មានរដ្ឋ Antara របស់ឥណ្ឌូណេស៊ី ទីភ្នាក់ងារសារព័ត៌មានអាណាដូលូ របស់តួកគី ទីភ្នាក់ងារមើដេកា របស់ឥណ្ឌូណេស៊ី និងទីភ្នាក់ងារ iNews ខណៈដែលអ្នកទីប្រាំជាអ្នកថតរូបឯករាជ្យ។
ទីតាំងចុងក្រោយដែលពួកគេស្គាល់ គឺនៅប្រហែល ១៨,៥គីឡូម៉ែត្រពីច្រាំង។ លោក អាំរ៉ាដ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះដែលត្រូវបានដាក់ពង្រាយតាំងពីថ្ងៃអង្គារ «នៅតែមិនអាចទាក់ទងជាមួយក្រុមនេះ ឬកំណត់ទីតាំងរបស់ពួកគេបាននៅឡើយ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





