អ៊ីរ៉ង់សងសឹកសម្ព័ន្ធមិត្តអាម៉េរិក បន្ទាប់ពីនាវាដឹកប្រេងរបស់ខ្លួនត្រូវបានវាយប្រហារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើងកាលពីពេលថ្មីៗនេះ ដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារលើទីក្រុងជាច្រើនរបស់អារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកាន់តែជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនេះ ខណៈដែលកងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ជាច្រើនគ្រឿង ហើយអ៊ីរ៉ង់បានកំណត់គោលដៅមូលដ្ឋានទ័ពអាម៉េរិកមួយនៅហ្ស៊កដានី។
ក្រុមឧទ្ទាមហ៊ូធី បានវាយប្រហារទីក្រុងចំនួនបួននៅភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានបណ្តាលឱ្យមានមនុស្ស ៧៣នាក់រងរបួស និងបានដុតបំផ្លាញរោងចក្រប្រេង ដែលហាក់ដូចជាការពង្រីកសង្គ្រាមដែលមានរយៈពេលប្រាំមួយមួយនេះ។
ខណៈដែលទីផ្សារប្រេងសកលលោកកំពុងកំណត់តម្លៃក្នុងការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត បញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបំផ្លាញនាវាដឹកប្រេងឆៅរបស់អ៊ីរ៉ង់ចំនួនប្រាំគ្រឿងកាលពីថ្ងៃអង្គារ និងបានបង្ហោះវីដេអូនៃការវាយប្រហារទាំងនោះ ដែលខ្លួនហៅថា ជាការឆ្លើយតបទៅនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅនាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដោយគ្រាប់មីស៊ីលផ្លោងពីរដងក្នុងរយៈពេលពីរថ្ងៃមុន។សហរដ្ឋអាមេរិកបាននិយាយថា គ្មានជនជាតិអាម៉េរិកណាម្នាក់រងរបួសនោះទេ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចមួយនៅប្រទេសកូឡុំប៊ី ថា «អ៊ីរ៉ង់នៅតែបន្តព្យាយាមវាយប្រហារនាវាកងទ័ពជើងទឹកអាម៉េរិក ហើយរាល់ពេលដែលពួកគេធ្វើបែបនោះ ឬព្យាយាមធ្វើបែបនោះ ពួកគេនឹងបាត់បង់នាវាដឹកប្រេង»។
បន្ទាប់មក អ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយមីស៊ីលផ្លោងទៅលើមូលដ្ឋានទ័ពអាម៉េរិកមួយក្បែរតំបន់ Al Azraq ក្នុងប្រទេសហ្ស៊កដានី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ IRGC ដែលផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានចេញផ្សាយវីដេអូអំពីអ្វីដែលខ្លួននិយាយថា ជាមីស៊ីលអ៊ីរ៉ង់ដែលបានបាញ់ទៅលើប្រទេសហ្ស៊កដានី។
ទោះបីជាអ៊ីរ៉ង់បាននិយាយថា មីស៊ីលរបស់ខ្លួនបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏ហ្ស៊កដានីបាននិយាយថា ការការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ចំនួន ១៨គ្រាប់ក្នុងចំណោម ២០គ្រាប់ដោយពីរគ្រាប់បានធ្លាក់នៅក្នុងតំបន់ដែលគ្មានមនុស្សរស់នៅ ហើយមិនមានអ្នកស្លាប់ និងរងរបួសនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





