ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៖ មិនមានសេចក្តីសម្រេចចុងក្រោយ ស្តីពីការដាក់ពង្រាយកងទ័ពនៅច្រកសមុទ្រហ័រមុសទេ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- មន្ត្រីម្នាក់នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា កូរ៉េខាងត្បូងមិនទាន់បានធ្វើសេច្តីសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេថា តើត្រូវដាក់ពង្រាយកងទ័ពទៅកាន់ច្រកសមុទ្រហ័រមុសឬអត់ ចំពេលដែលមានសម្ពាធពីសហរដ្ឋអាមេរិកលើទីក្រុងសេអ៊ូល ដើម្បីជួយធានាសុវត្ថិភាពផ្លូវទឹកនេះ។
លោក សឹង ហ្គី-ហុង លេខាធិការជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតីទទួលបន្ទុកទំនាក់ទំនងសាធារណៈ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «រដ្ឋាភិបាលមិនទាន់បានបញ្ចប់គោលនយោបាយរបស់ខ្លួននៅឡើយទេ ហើយកំពុងវាយតម្លៃវាដោយប្រុងប្រយ័ត្ន»។
កូរ៉េខាងត្បូងបាននិងកំពុងពិចារណាថា តើត្រូវចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រដែលមានជម្លោះនោះឬអត់។ កាលពីពេលថ្មីៗនេះ ខ្លួនបានបញ្ជូនក្រុមការងារមួយពីក្រសួងការពារជាតិទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីវាយតម្លៃអំពីស្ថានភាព។
ការអនុវត្តនេះបានបង្កឱ្យមានការសង្ស័យជុំវិញការដាក់ពង្រាយកងទ័ពកូរ៉េខាងត្បូង ដោយមានរបាយការណ៍ព័ត៌មានមួយអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំឱ្យទីក្រុងសេអ៊ូលបញ្ជូនកងទ័ពនៅត្រឹមខែវិច្ឆិកា។
លោក សឹង បាននិយាយថា «ខណៈដែលគោលនយោបាយចុងក្រោយរបស់រដ្ឋាភិបាលមិនទាន់ត្រូវបានសម្រេច កិច្ចពិភាក្សាកម្រិតការងារបានលេចធ្លាយ ដែលនាំឱ្យមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលហួសហេតុពេក»។
លោកក៏បានកត់សម្គាល់ផងដែរថា ការពិភាក្សារបស់លោកប្រធានាធិបតី លី ជេម្យុង ជាមួយប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមុស មិនគួរត្រូវបានបកស្រាយភ្លាមៗថាជាសញ្ញានៃការដាក់ពង្រាយយោធាដែលអាចកើតមាននោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





