ឯកឧត្តម ឌិត ទីណា៖ ការជំរុញសហគមន៍កសិកម្មទំនើប គឺជាចំណុចសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញផលិតកម្មកសិកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយកសិករ និងថ្នាក់ដឹកនាំ «សហគមន៍កសិកម្មទំនើបមង្គលបូរី» នៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់សហគមន៍។

ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរយ៉ាងខ្ពស់ចំពោះការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ ដែលជាកម្លាំងស្នូលក្នុងការផលិតស្បៀង និងជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ ការអភិវឌ្ឍវិស័យកសិកម្ម មិនត្រឹមតែផ្តោតលើការបង្កើនបរិមាណផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើគុណភាព ផលិតភាព តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការបង្កើត និងពង្រឹង «សហគមន៍កសិកម្មទំនើប» គឺជាយន្តការសំខាន់មួយក្នុងការប្រមូលផ្តុំកម្លាំងកសិករ ឱ្យអាចធ្វើការផលិតជាលក្ខណៈសហគមន៍ មានផែនការ មានបច្ចេកទេស និងអាចឆ្លើយតបបានកាន់តែល្អទៅនឹងតម្រូវការទីផ្សារ។ តាមរយៈការសហការគ្នា កសិករអាចកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនប្រសិទ្ធភាព និងមានអំណាចចរចាទីផ្សារកាន់តែប្រសើរ។ សម្រាប់ «សហគមន៍កសិកម្មទំនើបមង្គលបូរី» សហគមន៍បានទទួលការគាំទ្រផ្ទះសំណាញ់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលជាការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញការផលិតកសិកម្មតាមបែបទំនើប និងមានប្រសិទ្ធភាព។ ផ្ទះសំណាញ់នេះអាចជួយឱ្យកសិករគ្រប់គ្រងការដាំដុះបានកាន់តែល្អ កាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ និងបង្កើនលទ្ធភាពផលិតផលដែលមានគុណភាពស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងទីផ្សារ។ ការប្រើប្រាស់បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មបែបទំនើបបែបនេះ ក៏ជាចំណែកមួយក្នុងការផ្លាស់ប្តូរពីការផលិតតាមទម្លាប់ ទៅជាការផលិតដែលមានការគ្រប់គ្រង និងផ្អែកលើទីផ្សារ។

ក្នុងជំនួបជាមួយកសិករ ឯកឧត្តមរដ្ឋមន្ត្រីក៏បានយកចិត្តទុកដាក់ស្តាប់ដោយផ្ទាល់នូវបញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍ ដើម្បីឱ្យការគាំទ្ររបស់ក្រសួង និងគម្រោងពាក់ព័ន្ធ អាចឆ្លើយតបបានចំគោលដៅ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់កសិករ។ ជាមួយគ្នានេះ ការគាំទ្រសហគមន៍កសិកម្មទំនើប ត្រូវបានចាត់ទុកថា ជាមូលដ្ឋានសម្រាប់បង្កើនផលិតភាព គុណភាព និងតម្លៃផលិតផលកសិកម្ម ព្រមទាំងបង្កើនប្រាក់ចំណូលរបស់កសិករ និងជួយឱ្យគ្រួសារកសិករមានជីវភាពកាន់តែប្រសើរ និងមានភាពធន់នឹងបញ្ហាប្រឈមនានានៅក្នុងវិស័យកសិកម្ម។

ការចុះជួបផ្ទាល់ជាមួយកសិករ និងសហគមន៍របស់ឯកឧត្តម ឌិត ទីណា ក៏បង្ហាញពីការផ្តោតសំខាន់របស់ក្រសួងកសិកម្មលើការយកបញ្ហា និងតម្រូវការជាក់ស្តែងនៅមូលដ្ឋានធ្វើជាមូលដ្ឋានសម្រាប់រៀបចំការគាំទ្រ និងដំណោះស្រាយ ដើម្បីឱ្យកសិកម្មកម្ពុជាឈានទៅរកការផលិតទំនើប មានប្រសិទ្ធភាព និងមានទីផ្សារកាន់តែច្បាស់លាស់។ តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ការផ្តល់បច្ចេកទេស ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ គោលដៅសំខាន់មិនមែនត្រឹមតែធ្វើឱ្យកសិករផលិតបានច្រើនជាងមុននោះទេ ប៉ុន្តែគឺធ្វើឱ្យកសិករផលិតបានល្អ មានគុណភាព ចំណេញ និងមានប្រាក់ចំណូលកាន់តែប្រសើរ ដែលជាផ្នែកមួយនៃការរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
ដោយ ឈុន សារ៉ាត





