ឯកឧត្តម គួច ចំរើន ជំរុញគណៈកម្មាធិការបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពិនិត្យលើគម្រោងអាទិភាពជាក់ស្ដែង
AKP កណ្តាល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញដល់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តកណ្ដាល ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យលើគម្រោង ដែលមានអាទិភាពជាក់ស្ដែងក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានធ្វើការជំរុញបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តគម្រោងអភិឌ្ឍន៍ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០២៧ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុកទាំង១៣ កងកម្លាំង និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២៧ បែកចែកជា ៤ផ្នែក រួមមាន ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ និងផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





