ឯកឧត្តម ឌិត ទីណា៖ ការចុះកិច្ចសន្យាផលិតកម្មស្រូវគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារជូនកសិករ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ការភ្ជាប់កសិករទៅកាន់ទីផ្សារដោយផ្ទាល់ កំពុងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មកសិកម្ម និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ជំរុញឱ្យការផលិតស្រូវមិនត្រឹមតែផ្អែកលើបរិមាណប៉ុណ្ណោះទេ ប៉ុន្តែត្រូវផលិតឱ្យស្របតាមតម្រូវការទីផ្សារ មានគុណភាព និងមានអ្នកទិញច្បាស់លាស់។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវ រវាងសហគមន៍កសិកម្មចំនួន៣ និងក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប ដែលបានរៀបចំឡើងនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្មនេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្របសម្រួល និងស្វែងរកទីផ្សារជូនប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ ដើម្បីឱ្យការខិតខំប្រឹងប្រែងផលិតកម្មរបស់ពួកគាត់អាចឈានទៅរកទីផ្សារដែលមានភាពច្បាស់លាស់ និងមានស្ថិរភាពជាងមុន។ តាមរយៈកិច្ចសន្យានេះ កសិករមិនត្រូវផលិតដោយគ្មានទិសដៅ ឬផលិតហើយទើបស្វែងរកអ្នកទិញនោះទេ ប៉ុន្តែអាចរៀបចំផែនការផលិតកម្មជាមុន ដោយផ្អែកលើតម្រូវការរបស់អ្នកទិញ។ នេះជាចំណុចសំខាន់ក្នុងការកាត់បន្ថយហានិភ័យទីផ្សារ និងជួយឱ្យកសិករមានទំនុកចិត្តក្នុងការវិនិយោគលើផលិតកម្មរបស់ខ្លួន។

ពិធីនេះត្រូវបានរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សម្របសម្រួលជាមួយនាយកដ្ឋានកសិឧស្សាហកម្ម និងមានកិច្ចសហការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) ក្នុងក្របខណ្ឌគម្រោង «លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)»។

ចំណុចដែលកំពុងទាក់ទាញការចាប់អារម្មណ៍ គឺកិច្ចសន្យាផលិតកម្មនេះបានកំណត់លើការផលិតស្រូវផ្ការំដួល ស្រូវ OM5451 និងស្រូវដំណើបស្បៃមង្គល ក្នុងបរិមាណសរុបប្រមាណ ៧,២០០តោន។ បរិមាណនេះមិនត្រឹមតែបង្ហាញពីសមត្ថភាពផលិតរបស់សហគមន៍កសិកម្មនៅក្នុងខេត្តបន្ទាយមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសក្តានុពលនៃការរៀបចំផលិតកម្មឱ្យឆ្លើយតបតាមតម្រូវការរបស់ទីផ្សារផងដែរ។

ឯកឧត្តម ឌិត ទីណា ក៏បានផ្តោតសំខាន់លើការជំរុញឱ្យសហគមន៍កសិកម្មមានសមត្ថភាពរួមគ្នាផលិត និងផ្គត់ផ្គង់ផលិតផលក្នុងបរិមាណធំ និងមានគុណភាព។ ការរួមគ្នាតាមរយៈសហគមន៍ អាចជួយបង្កើនអំណាចចរចារបស់កសិករ ពង្រឹងការគ្រប់គ្រងផលិតកម្ម និងធ្វើឱ្យការភ្ជាប់ទៅកាន់វិស័យឯកជនកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ការចូលរួមរបស់វិស័យឯកជនក៏មានសារៈសំខាន់ក្នុងការធ្វើឱ្យខ្សែច្រវាក់តម្លៃកសិកម្មដំណើរការបានរលូន ចាប់ពីការផលិត ការប្រមូលទិញ ការកែច្នៃ រហូតដល់ការចែកចាយទៅកាន់ទីផ្សារ។ ការតភ្ជាប់រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប តាមរយៈកិច្ចសន្យាផលិតកម្មនេះ គឺជាជំហានមួយដែលអាចបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែមានភាពច្បាស់លាស់ និងយូរអង្វែង។ សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានសក្តានុពលខ្ពស់ក្នុងការផលិតស្រូវ ការចុះកិច្ចសន្យាផលិតកម្មក្នុងបរិមាណប្រមាណ៧,២០០តោននេះ អាចត្រូវបានចាត់ទុកជាផ្នែកមួយនៃការជំរុញខ្សែច្រវាក់តម្លៃស្រូវឱ្យកាន់តែមានប្រសិទ្ធភាព និងជួយបង្កើតឱកាសថ្មីៗសម្រាប់សហគមន៍កសិកម្មក្នុងការចូលរួមជាមួយវិស័យឯកជន។
ពិធីចុះកិច្ចសន្យានេះមិនមែនគ្រាន់តែជាការចុះហត្ថលេខាលើឯកសាររវាងអ្នកផលិត និងអ្នកទិញប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការផ្លាស់ប្តូរទិសដៅក្នុងវិស័យកសិកម្ម ពីការផលិតដោយផ្តោតលើបរិមាណ ទៅរកការផលិតដែលមានទីផ្សារជាគោលដៅ។ វាក៏ជាការបន្តពង្រឹងការភ្ជាប់រវាង កសិករសហគមន៍វិស័យឯកជនទីផ្សារ ដើម្បីឱ្យផលិតកម្មកសិកម្មអាចបង្កើតប្រាក់ចំណូលកាន់តែប្រសើរ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជំហាននេះក៏បានបញ្ជាក់យ៉ាងច្បាស់ពីទិសដៅដែលរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងជំរុញ គឺធ្វើឱ្យកសិករមានទីផ្សារច្បាស់លាស់ មុននឹងពង្រីកផលិតកម្ម ដើម្បីឱ្យការខិតខំប្រឹងប្រែងរបស់ប្រជាកសិករមិនត្រឹមតែទទួលបានផលិតផលប៉ុណ្ណោះទេ ប៉ុន្តែអាចបម្លែងផលិតផលទាំងនោះទៅជាចំណូល និងជីវភាពកាន់តែប្រសើរផងដែរ៕
ដោយ ឈុន សារ៉ាត





