រដ្ឋបាលខេត្តកណ្ដាល ប្រជុំត្រួតពិនិត្យលើការងារជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ
AKP កណ្តាល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំ ស្ដីពីការចុះត្រួតពិនិត្យលើការងារជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ និងដែលពុំទាន់មានឯកសារគ្រប់គ្រាន់ និងលទ្ធផលផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរពីភូមិភាគ៣ ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថាកិច្ចប្រជុំនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងការធានាឱ្យបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតឯកសារអត្តសញ្ញាណ។
រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត បានរួមសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងការអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម (NSPI) ដំណាក់កាលទី១ ឆ្នាំ២០១៧-២០២៦» ព្រមទាំងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្របតាមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការខិតខំនេះ គឺក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋដែលគ្រប់អាយុទាំងអស់ ពិតជាមានឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងអាចចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ បានយ៉ាងពេញលេញ និងទាន់ពេលវេលា តាមរយៈការពង្រឹង និងចុះផ្ដល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅគ្រប់មូលដ្ឋាន និងបានផ្តល់សេវាចល័តនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស ខ្នងផ្ទះ ប្រគេនព្រះសង្ឃ និងជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាតឯកសារ ឬទើបវិលត្រឡប់ពីប្រទេសថៃ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបានបំភ្លេចចោល ឬបាត់បង់សិទ្ធិស្របច្បាប់ដោយសារតែគ្មានឯកសារសម្គាល់ខ្លួននោះឡើយ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះរដ្ឋបាលខេត្តកណ្ដាល ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងសកម្ម ក្នុងការផ្តល់សេវាឯកសារបញ្ជាក់អត្តសញ្ញាណ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ និងអ្នកដែលមានការខ្វះខាតឯកសារសម្គាល់ខ្លួន។ ការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋនេះ មិនត្រឹមតែជាការផ្តល់សេវារដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាការធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈ សេវាសង្គម សេវាសុខាភិបាល ការសិក្សា ការធ្វើដំណើរ ការបំពេញកិច្ចការរដ្ឋបាល និងសិទ្ធិចូលរួមក្នុងដំណើរការបោះឆ្នោតបានពេញលេញ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តកណ្ដាល និងគ្រប់អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់ និងចុះត្រួតពិនិត្យឱ្យបានជាក់ស្តែង ដើម្បីស្វែងរកប្រជាពលរដ្ឋដែលនៅខ្វះឯកសារបញ្ជាក់អត្តសញ្ញាណ និងជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខកខាន ឬបាត់បង់សិទ្ធិស្របច្បាប់ដោយសារខ្វះឯកសារអត្តសញ្ញាណឡើយ។

ឯកឧត្តម រដ្ឋលេខាធិការ ថែមទាំងបានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្ត ឱ្យបន្តពង្រឹងកិច្ចសហការរវាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបង្កើនការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃឯកសារអត្តសញ្ញាណ និងនីតិវិធីនៃការស្នើសុំឯកសារឱ្យបានទូលំទូលាយ ជាពិសេសចំពោះក្រុមប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋដែលមានការលំបាកក្នុងការធ្វើដំណើរមកទទួលសេវា និងប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ ដោយត្រូវពិនិត្យ និងរៀបចំឯកសារឱ្យបានត្រឹមត្រូវ រហ័ស និងមានប្រសិទ្ធភាព ព្រមទាំងបន្តពង្រឹងការផ្តល់សេវាចល័តនៅតាមមូលដ្ឋាន ដើម្បីនាំសេវារដ្ឋទៅជិតប្រជាពលរដ្ឋ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





